ផ្សោតទន្លេមេគង្គកើនឡើងពី៩២ទៅ១០៥ក្បាល ក្នុងរយៈពេល២ឆ្នាំចុងក្រោយ

06/09/2024 9:38 am ភ្នំពេញ

សត្វផ្សោតរស់នៅទន្លេមេគង្គ ក្នុងភូមិសាស្រ្តប្រទេសកម្ពុជាបានកើនឡើងពី៩២ទៅ១០៥ក្បាល ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ ទិន្ន័យនេះ បានបង្ហាញពីភាពជោគជ័យដ៏ធំធេងសម្រាប់កម្ពុជា​លើការអភិរក្ស ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្ដេជ្ញាធ្វើ​គ្រប់បែបយ៉ាង ដើម្បីធានាដល់ការរស់រានមានជីវិតរបស់សត្វផ្សោត។



កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងនៅក្នុងកិច្ចប្រជុំ​ជាមួយមន្រ្តីជលផលខេត្តក្រចេះ ពាក់ព័ន្ធនឹងការងារពង្រឹងកិច្ចការអភិរក្ស​ផ្សោតទន្លេ កាលពីថ្ងៃទី២ ខែកញ្ញាថា បច្ចុប្បន្ន​មន្រ្តីឆ្មាំទន្លេ បានខិតខំបំពេញភារកិច្ចរាល់ថ្ងៃ ​មិនខ្លាចការនឿយហត់ ដោយបានឆ្លាស់វេនគ្នាការពារ និងទប់ស្កាត់បទល្មើសនេសាទ ២៤ម៉ោង លើ២៤ម៉ោង។ 
 
តែយ៉ាងណា ការនេសាទដោយប្រើមងក្រឡាធំ និងឧបករណ៍ឆក់ នៅក្នុងភូមិសាស្ត្រ​ខេត្តក្រចេះ នៅតែកើតមាន និងអាចបង្កហានិភ័យដល់អាយុជីវិតសត្វផ្សោត។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងកសិកម្ម លើកទឹកចិត្តរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីឆ្មាំទន្លេទាំងអស់ សហការ​គ្នា ដើម្បីពង្រឹងវិធានការការពារឱ្យបន្ថែម ដើម្បីធានានិរន្តរភាព ផ្សោតដែលជារតនសម្បត្តិជាតិ សម្រាប់ទាក់​ទាញភ្ញៀវទេសចរ និងបង្កើនចំណូល​ដល់ពលរដ្ឋមូលដ្ឋាន។
ផ្សោតទន្លេមេគង្គជារតនៈសម្បត្តិជាតិមានជីវិត ហើយប្រជាជនខ្មែរមានជំនឿថា «ទីណាមានផ្សោត ទីនោះមានត្រី»។ រយៈពេល៩ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានផ្សោតកើតថ្មី៨ក្បាល និងងាប់ទៅវិញ២ក្បាល ធៀបនឹងឆ្នាំ២០២៣ មានផ្សោតកើតថ្មី៨ក្បាល តែងាប់រហូតដល់៥ក្បាល។  
 
ផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាផ្សោតមួយ​ប្រភេទ​ក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវាត្រូវ​បានចាត់​ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ រស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួន៣ប៉ុណ្ណោះលើពិភពលោក ក្នុងនោះរួមមាន ទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូណេស៊ី)៕

ព័ត៌មានទាក់ទង