សត្វត្មាត១២៧ក្បាល នៅដែនជម្រកសត្វព្រៃសៀមប៉ាង ជាចំនួនបំបែកកំណត់ត្រា១០​ឆ្នាំ

05/09/2024 9:39 am ភ្នំពេញ

សត្វត្មាត ១២៧ក្បាល ត្រូវបានកត់ត្រា នៅ «ភោជនីយដ្ឋានត្មាត» ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន ក្នុង​កំណត់ត្រា​ នារយៈពេល១០ឆ្នាំចុងក្រោយ។ ទំព័រហ្វេសប៊ុក USAID មរតកបៃតង ចុះផ្សាយដូច្នេះ កាលពីថ្ងៃទី៣ ខែកញ្ញា ដោយបញ្ជាក់ថា ការកត់ត្រាចុងក្រោយត្រឹមខែមិថុនា ឆ្នាំ២០២៣ សត្វត្មាតសរុបទូទាំងប្រទេស មានប្រមាណ តែ​១៣០ក្បាលប៉ុណ្ណោះ។


ទំព័រហ្វេសប៊ុក USAID មរតកបៃតង  បញ្ជាក់ដូច្នេះថា៖ «ជាចំនួនច្រើនបំផុត​ដែលត្រូវបាន​កត់ត្រាក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ! ចំនួនដែលបានកត់ត្រាឃើញនៅសៀមប៉ាងនេះ គឺស្ទើរតែស្មើគ្នានឹងចំនួនសត្វត្មាតសរុបនៅទូទាំងប្រទេសកម្ពុជា។»។

បើតាម USAID មរតកបៃតង ប្រទេសកម្ពុជា ជាជម្រករបស់សត្វត្មាតបីប្រភេទគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតទាំងនេះ ត្រូវបានចុះជាប្រភេទសត្វជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វដទៃជាចំណី ហើយវាដើរតួនាទីជាអ្នកសម្អាតភាពកខ្វក់ទាំងនោះចេញពីធម្មជាតិ ដោយការស៊ីសាច់សត្វដែលស្លាប់ និងជួយរក្សាតុល្យភាពនៅក្នុងបរិស្ថាន។

ទោះជាយ៉ាងណាក៏ដោយ ចំនួនរបស់ពួកវា បានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជា​ដែរ ដោយសារមូលហេតុចម្បងពីរគឺ កង្វះអាហារ និងការស្លាប់បណ្តាលមកពីការស៊ីសាកសពសត្វពុលដែលបង្កដោយមនុស្ស។ បច្ចុប្បន្ននេះ សត្វត្មាតនៅកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ក្នុងការផុតពូជពីក្នុងព្រៃ។
 
ដើម្បីជួយទប់ស្កាត់ការផុតពូជរបស់សត្វត្មាត USAID មរតកបៃតង សហការជាមួយមូលនិធិ Critical Ecosystem Partnership និងក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក បានបង្កើតគម្រោង «ភោជនីយដ្ឋានត្មាត» ដើម្បីផ្តល់អាហារដែលមានសុវត្ថិភាពជារៀងរាល់សប្តាហ៍ដល់សត្វត្មាត គោលបំណងដើម្បីរក្សាសត្វត្មាតឱ្យនៅក្នុងតំបន់ការពារ និងជៀសវាងការស្វែងរកអាហារដែលមិនមានសុវត្ថិភាពនៅក្រៅតំបន់។

រ៉ាយហ្ស៉ីង ហ្វីនិក ក៏បានបំពាក់ឧបករណ៍តាមដាន (GPS-GSM tagging) ទៅលើសត្វត្មាត ដើម្បីតាមដានការផ្លាស់ទីរបស់ពួកវា និងយល់កាន់តែច្បាស់ អំពីឥរិយាបថនៃសត្វស្លាបជិតផុតពូជទាំងនេះ រួមទាំងធ្វើការស្វែងរក និងតាមដានសំបុកសត្វត្មាត ដើម្បីធានាសុវត្ថិភាពនៃការបន្តពូជរបស់ពួកវាផងដែរ។


 
សូមបញ្ជាក់ថា របាយការណ៍របស់ក្រសួងបរិស្ថាន នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ត្មាត​រស់នៅក្នុងប្រទេសកម្ពុជា សរុប១៣១ក្បាលនោះ មានត្មាតភ្លើងចំនួន ១២ក្បាល  ត្មាតផេះ ៧៧ក្បាល និងត្មាតត្នោតចំនួន ៤២ក្បាល។
 
ជំរឿនសត្វត្មាតនេះធ្វើឡើងនៅក្នុងតំបន់អភិរក្សចំនួន ៣ ​គឺដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ និងក្នុងព្រៃទឹកលិចទន្លេមេគង្គ ក្នុងខេត្តក្រចេះ។ ចំណែក នៅក្នុងរបាយការណ៍ជំរឿនសត្វត្មាតឆ្នាំ២០២២ ត្មាតរស់នៅក្នុងប្រទេសកម្ពុជាសរុប ចំនួន១៣៤ក្បាល ក្នុងនោះមានត្មាតភ្លើង ១៩ក្បាល ត្មាតត្នោត៤២ក្បាល និងត្មាតផេះចំនួន៧៣ ក្បាល៕

ព័ត៌មានទាក់ទង