ព្យុះសង្ឃរា«សានសាន» ទើបបញ្ចប់ ព្យុះទី១១ ឈ្មោះយ៉ាកជិ (Yagi) ក៏កើតមានភ្លាមភ្លែត។ ព្យុះថ្មីនេះ កំពុងមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងកម្ពុជា។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ចេញផ្សាយថ្ងៃទី៣ ខែកញ្ញា ស្ថានភាពនេះ នឹងធ្វើឱ្យកម្ពុជា អាចមានភ្លៀងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣-៥ ខែកញ្ញា។
បើតាមក្រសួងធនធានទឹក បណ្តាខេត្តនៅតំបន់វាលទំនាប រួមមាន បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៦០ ភាគរយ។
ចំណែកបណ្តាខេត្តនៅតំបន់ខ្ពង់រាប រួមមានកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤៥ ភាគរយ។
ដោយឡែកតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៥០ភាគរយ។
ដ្បិតបន្តរងឥទ្ធិពលពីព្យុះទី១១ និងឥទ្ធិពលសម្ពាធទាប ប៉ុន្តែក្រសួងធនធានទឹក មិនបានព្រមានពីហានិភ័យនៃជំនន់ទឹកភ្លៀងនោះទេ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com