កែច្នៃត្រីប្រឡាក់ ៤ឆ្នាំ អ្នកស្រី សុខ ឃីម អាចនាំចេញទៅលក់ក្រៅប្រទេស

02/09/2024 11:23 am ភ្នំពេញ

ភ្នំពេញ៖ ផ្តើមចេញពីការកែច្នៃប្រហិតសាច់គោ ដោយសារវិបត្តិកូវីត-១៩ អ្នកស្រី សុខ ឃីម បានផ្លាស់ប្តូរមកកែច្នៃត្រីប្រឡាក់វិញដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ ដោយមានការគាំទ្រពីអតិថិជន និងទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ស្តង់ដា អនាម័យ ពីអង្គការមួយ នៅឆ្នាំ ២០២២ ត្រីប្រឡាក់របស់អ្នកស្រី សុខ ឃីម អាចនាំចេញទៅក្រៅប្រទេស ដូចជា អូស្តា្រលី កាណាដា និងអាម៉េរិកជាដើម។


ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

បើតាមម្ចាស់អាជីកម្ម មកពីខេត្តសៀមរាបរូបនេះ ត្រីដែលយកមកកែច្នៃ ជាត្រីចិញ្ចឹមបែបធម្មជាតិនៅទន្លេសាប។ ត្រីប្រឡាក់របស់អ្នកស្រី មានតម្លៃចាបពី ២ម៉ឺន ដល់១៨ម៉ឺនរៀល អាស្រ័យទៅតាមបរិមាណ និងប្រភេទត្រី។ ជាមួយគ្នានេះអ្នកស្រី សុខ ឃីម ក៏ទទូចឱ្យសាធារណជន គាំទ្រផលិតផលក្នុងស្រុក ដើម្បីឱ្យពលរដ្ឋមានការងារធ្វើ កាត់បន្ថយចំណាក់ស្រុក និងជួយសេដ្ឋកិច្ចជាតិ។
 
ស្រ្តីរូបនេះ បាន​​កែច្នៃ​ត្រីប្រឡាក់ ដូចជា ត្រី​កេស, ត្រី​ប្រា, ត្រីរ៉ស់, ត្រី​អណ្ដែង និង​ត្រីមួយចំនួនទៀត។ រសជាតិ និង​អនាម័យ បានធ្វើឱ្យ​​ត្រីប្រឡាក់របស់អ្នកស្រី ឃីម ទទួលបានការគាំទ្រពីអតិថិជនកាន់ច្រើន។ អតិថិជនភាគច្រើន អ្នករស់នៅរាជធានីភ្នំពេញ។ មូលហេតុដែលអ្នក​ស្រី សុខ ឃីម ​កែច្នៃត្រីប្រឡាក់ទាំងនេះ ដោយសារ​អ្នកស្រី​ចង់​លើក​ស្ទួយ​ផលិត​ផល​ក្នុងស្រុក ជាពិសេស​មាន​គុណភាព និង​ស្ដង់ដារ​ដល់​អតិថិជន។ ពីមុនមក អ្នកស្រី ឃីម ជាអ្នកកែច្នៃប្រហិត ប៉ុន្តែដោយសារតែបរិបទកូវីដ-១៩ ប្រហិតមិនអាចលក់ចេញបានទើបអ្នកស្រី កែច្នៃត្រីប្រឡាក់វិញ។ 
 
សូមបញ្ជាក់ថា សហគ្រាសនេះ ទទួលបាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស សម្ភារៈ  បរិក្ខារ និង​ជំនួយ​បច្ចេកទេស ពី​កម្មវិធី​គាំទ្រ​សហគ្រាស​ជលផល​ខ្នាតតូច និង​មធ្យម ពី​អង្គការ​ UNIDO៕

ព័ត៌មានទាក់ទង