សៀមរាប៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទស្សនកិច្ចនៅរោងកសិដ្ឋានសូត្រ សិប្បករអង្គរ ក្នុងស្រុកពួក ខេត្តសៀមរាប និងបានប្រគល់ដើមមនប្រភេទថ្មី ដល់ក្រុមហ៊ុនអាទីសង់អង្គរ សម្រាប់ដាំដុះ ក្នុងគោលដៅដើម្បីជួយជំរុញក្នុងការបើកដំណើរការឡើងវិញ នូវរោងសិប្បកម្មតម្បាញសូត្រខ្មែរដ៏ល្បីល្បាញមួយនេះ។
លោក ឌិត ទីណា បានសម្តែងការសប្បាយចិត្ត និងលើកទឹកចិត្តពេលឃើញការដាំដុះដើមមន និងការរស់ឡើងវិញនៃវិស័យតម្បាញសូត្រ ជាមួយនឹងដំណើរការនៃច្រវាក់ផលិតកម្មសូត្រ ដែលមានគុណភាព និងតម្លៃខ្ពស់។ ក្នុងដំណើរទស្សនកិច្ច នៅរោងសិប្បកម្មសូត្រសិប្បករអង្គរ នាថ្ងៃទី២៩ ខែសីហា លោករដ្ឋមន្រ្តីកសិកម្ម បានកោតសរសើរចំពោះ ការខិតខំប្រឹងប្រែងធ្វើឱ្យដំណើរការឡើងវិញរបស់ក្រុមហ៊ុនសិប្បករអង្គរ ក្នុងស្មារតីលើកកម្ពស់វិស័យសូត្រខ្មែរ និងផ្តល់ឱកាសការងារឡើងវិញដល់សិប្បករខ្មែររាប់សិបនាក់។
រដ្ឋមន្រ្តីកសិម្ម និងក្រុមការងារទស្សនាសង្វាក់ផលិតកម្មតម្បាញសូត្រនៅរោងសិប្បកម្មសូត្រ សិប្បករអង្គរអង្គរ។ លោក ឌិត ទីណា បានប្រគល់ដើមមនសរុប១ ០០០ដើម និងពូជដង្កូវនាងមួយចំនួន ដែលជាពូជថ្មី អាចផលិតជាស្លឹកមានគុណភាពល្អ មានប្រូតេអ៊ីនខ្ពស់សម្រាប់ចិញ្ចឹមដង្កូវនាង និងផលិតជាសូត្រ មានគុណភាពល្អផងដែរ។ ជាមួយគ្នានោះ លោករដ្ឋមន្រ្តីក៏រំពឹងថា ការដំណើរការឡើងវិញនៃរោងសិប្បកម្មដ៏ធំនៅខេត្តសៀមរាបនេះ នឹងទម្លាក់ ឬផ្តល់ការងារដល់ពលរដ្ឋដែលធ្លាប់ដាំដើមមន និងចិញ្ចឹមដង្កូវនាងតាមផ្ទះ ឱ្យមានដំណើរការការងារឡើងវិញផងដែរ។
អគ្គនាយកក្រុមហ៊ុនសិប្បករអង្គរ លោក កាយ ឡូត បានអរគុណដល់ក្រសួងកសិកម្ម ដែលជ្រោមជ្រែងក្នុងដំណើរការរោងសិប្បកម្មតម្បាញសូត្រខ្មែរឡើងវិញ។ លោករំពឹងថា ដើមមនថ្មីដែលផ្តល់ដោយក្រសួងកសិកម្មនៅពេលនេះ នឹងជួយបង្កើនសង្វាក់ផលិតកម្មតម្បាញសូត្រខ្មែរ បានមួយចំណែកធំ ស្របពេលក្រុមហ៊ុនមានតម្រូវការសូត្រកាន់តែច្រើននាពេលបច្ចុប្បន្ន។
គួររំឭកថា រោងសិប្បកម្មសូត្រ សិប្បករអង្គរ ដែលស្ថិតនៅស្រុកពួក បានបើកដំណើរការឡើងវិញនៅដើមខែ កក្កដា ក្នុងនោះបានជួយឱ្យសិប្បករអ្នកតម្បាញអាជីព ជាង២០០នាក់ ឱ្យមានការងារធ្វើឡើងវិញ បន្ទាប់ពីទីតាំងនេះបានបិទទ្វារមួយរយៈ ដោយសារវិបត្តិជំងឺកូវីដ១៩។ រោងសិប្បកម្មនេះ ជាសង្វាក់ផលិតកម្មក៏រស់រវើកនៃតម្បាញសូត្រខ្មែរ រាប់ចាប់ពីការដាំដើមមន ការចិញ្ចឹមដង្កូវនាង ស្រាវសូត្រ តម្បាញ និងការកែច្នៃជាសម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ជាច្រើន៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com