រដ្ឋបាលជលផល បិទការនេសាទគ្រំក្រឡាហូលដល់ចុងខែតុលា
ភ្នំពេញ៖ រដ្ឋបាលជលផល បានហាមឃាត់ការនេសាទគ្រំក្រឡាហូលនៅតំបន់ឆ្នេរសមុទ្រ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ តុលា ដែលមានរយៈពេល ២ ខែ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលចេញផ្សាយនៅថ្ងៃទី ២៣ ខែសីហា។
បើតាមរដ្ឋបាលជលផល ការហាមឃាត់នេះ ដើម្បីធានាបាននិរន្តភាពស្ដុកក្នុងធម្មជាតិ ព្រោះនៅក្នុងអំឡុងខែនេះ គឺជារដូវបន្តពូជ និងពងកូនរបស់គ្រំក្រឡាហូលនៅក្នុងសមុទ្រ។ សូមជម្រាបថា គ្រំក្រឡាហូលមានវត្តមាននៅគ្រប់បណ្ដាខេត្តសមុទ្រទាំងអស់នៅកម្ពុជា ប៉ុន្តែគ្រំប្រភេទនេះសម្បូរជាងគេនៅខេត្តកោះកុង។
យោងតាមស្ថិតិជលផលឆ្នាំ២០២១កន្លងទៅរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ផលនេសាទសមុទ្រមាន ១២៥០០០តោន កើនឡើង ២,៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលផលនេសាទសមុទ្រមាន ១២២ ៧០០តោន ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com