ភ្នំពេញ៖ ព្យុះទី១០ សានសាន ( Shanshan) បន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាបគ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្ដាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងកម្ពុជា។ ស្ថានភាពនេះ នឹងធ្វើឱ្យ រាជធានី-ខេត្ត មានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពីថ្ងៃទី ២៨-៣០ ខែសីហា។
តាមក្រសួងធនធានទឹក តំបន់ខ្ពង់រាប រួមមានខេត្ត ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០ភាគរយ។ ជាមួយគ្នានេះ ខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៦,២៥ ម៉ែត្រក្នុងវិនាទី។
ចំពោះតំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៥០ភាគរយ។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ១១,៥ ម៉ែត្រក្នុងវិនាទី។
ដោយឡែកតំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៤៥ភាគរយ។ លើសពីនេះ ខ្យល់បក់ មកពីទិសនិរតី មានល្បឿនមធ្យម ១០,៥០ម៉ែត្រក្នុងវិនាទី។ ដោយ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១,០០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២.៧៥ ម៉ែត្រ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com