ក្រុមការងាររបស់ Rising Phoenix រកឃើញកូនក្រពើភ្នំ១៤ក្បាល បានញាស់ដោយជោគជ័យនៅតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រេង។ ដំណឹងដ៏រីករាយនេះ ត្រូវបានប្រកាសដោយគម្រោង «USAID មរតកបៃតង» នៅថ្ងៃទី២១ ខែសីហា។
បើតាមគម្រោង «មរតកបៃតង» កូនក្រពើភ្នំទាំងនេះ បានញាស់ចេញពីសំបុកមួយប៉ុណ្ណោះ ក្នុងចំណោមសំបុក៥។ នេះជាកូនក្រពើភ្នំលើកដំបូងដែលក្រុម Rising Phoenix ទទួលបាន បន្ទាប់ពីពួកគេបានលែងប្រភេទសត្វជិតពូជនេះ២២ក្បាល ទៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង កាលពីខែ ឧសភាឆ្នាំ២០២៣។
ក្រពើភ្នំ គឺជាប្រភេទសត្វទឹកសាប មានកំណើតនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និងវៀតណាម។ ក្រពើភ្នំត្រូវបានចុះជា «ប្រភេទសត្វជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហម អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងឆ្នាំ២០១២ ហើយវាត្រូវបានបាត់វត្តមានពីតំបន់ដែលវាធ្លាប់រស់នៅជាច្រើនរួចមកហើយ។ ចំណែក នៅក្នុងប្រទេសកម្ពុជា ក្រពើភ្នំនេះត្រូវបានគេគិតថាផុតពូជបាត់ទៅហើយ ប៉ុន្តែក្រោយមក វាត្រូវបានគេប្រទះឃើញឡើងវិញនៅតាមជួរភ្នំក្រវាញក្នុងឆ្នាំ២០០០។
ដែនជម្រកសត្វព្រៃសៀមប៉ាង ក៏ជាអតីតជម្រករបស់សត្វក្រពើភ្នំនេះតាំងពីដើមមកដែរ។ ប៉ុន្តែ ដោយសារតែការបាត់បង់ជម្រក និងសកម្មភាពនេសាទដែលគ្មាននិរន្តរភាព បានធ្វើឱ្យចំនួនរបស់ក្រពើភ្នំបានថយចុះយ៉ាងខ្លាំង។ ដើម្បីជួយទប់ស្កាត់ក្រពើភ្នំពីការផុតពូជ USAID មរតកបៃតង និងដៃគូអភិរក្ស Rising Phoenix បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សមួយកាល់ពីឆ្នាំ២០២៣ ដោយបាននាំយកសត្វក្រពើភ្នំចំនួន២២ក្បាល លែងចូលទៅក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃសៀមប៉ាងឡើងវិញ។
ក្រពើភ្នំដែលលែងទាំងអស់ ត្រូវបានគេធ្វើតេស្តហ្សែនជាមុន ដើម្បីធ្វើឱ្យប្រាកដថាវាជាពូជក្រពើភ្នំសុទ្ធ។ ខុសពីប្រភេទសត្វក្រពើដ៏ទៃ ព្រោះថាពូជក្រពើភ្នំសុទ្ធមិនត្រូវបានគេរកឃើញថាមានភាពកាចសាហាវដាក់មនុស្សនោះទេ៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com