ស្រូវ និងដំណាំរួមផ្សំ យ៉ាងហោចណាស់ចំនួន ១០ ២០៦ ហិកតាបានរងការជន់លិច ដោយសារជំនន់ទឹក ភ្លៀង នារយៈពេលមួយខែមកនេះ។ ក្នុងចំណោមនោះ មានដំណាំស្រូវចំនួន ៩ ២១៧ហិកតា និងដំណាំរួមផ្សំចំនួន ១ ៩៨៩ហិកតា។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងចំណោមដំណាំដែលលិចលង់ មានដំណាំស្រូវ ជាង ២ ១២០ហិកតា ដំណាំរួមផ្សំ ជិត ២ ១២០ហិកតា និងសំណាប ២៥៤ហិកតា បានខូចខាត។
គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ជំនន់ទឹកភ្លៀង បានធ្វើប៉ះពាល់ដល់ខេត្តចំនួន១៣ រួម មាន ស្ទឹងត្រែង ព្រះវិហារ ក្រចេះ សៀមរាប រតនគិរី មណ្ឌលគិរី កំពង់ធំ ឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ កណ្តាល និងរាជធានីភ្នំពេញ។ នេះបើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានបន្តថា ទឹកជំនន់ក៏បានបង្កផល់បះពាល់ដល់ផ្ទះពលរដ្ឋ ៨ ៤៩២គ្រួសារ ឬស្មើ៣៣ ៩៦៨នាក់។ លិចលង់ ផ្ទះ១ ២៤៧ខ្នង សាលារៀន១៧កន្លែង វត្តអារាម៥កន្លែង មណ្ឌលសុខភាព១កន្លែង ជម្លៀសពលរដ្ឋ ១១០គ្រួសារ និងសត្វពាហនៈ១០៩ក្បាល។ ប៉ះពាល់ដល់ផ្លូវលំកៅស៊ូ ក្រួសក្រហម និងដីសប្រមាណ ៧,៣ ម៉ឺនម៉ែត្រ, ស្ពានឈើ និងបេតុង២៦, ទំនប់ទឹក៤កន្លែង និងបាក់ច្រាំ ២កន្លែង ប្រវែង១០៥ម៉ែត្រ។
ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀង ក្រសួងធនធានទឹក បានចេញការព្រមានជាថ្មីថា កម្ពុជា នឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសក្នុងកម្រិតខ្ពស់ជាងមធ្យម ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែសីហា។ មូលហេតុព្រោះតែកម្ពុជា រងសម្ពាធពីការវិវត្តអាកាសធាតុក្នុងតំបន់ ជ្រលងសម្ពាធទាបជាមួយនឹងគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ រួមទាំងឥទ្ធិពលខ្លាំងនៃខ្យល់មូសុងនិរតីលើសមុទ្រ Andaman៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com