ប្រាសាទព្រហ្មកិល ជាកន្លែងបន់ស្រន់នៃអតីតមន្ទីរពេទ្យសម័យព្រះបាទជ័យវរម៌្មទី៧

14/08/2024 9:39 am សៀមរាប

សៀមរាប៖ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានកំណត់ចំនួនមន្ទីរពេទ្យបុរាណចំនួន ១០២នៅទូទាំងអតីតចក្រភពខ្មែរ។ កន្លងមក លោក អ៊ឹម សុខរិទ្ធី បានថ្លែងថា មន្ទីរពេទ្យសម័យព្រះបាទជយវរ្ម័នទី៧ ត្រូវរកឃើញជាងពាក់កណ្ដាល ដោយ៣០នៅខ្មែរ។ ចំណែកមន្ទីរពេទ្យបុរាណ ៣២ ត្រូវបានរកឃើញនៅប្រទេសថៃ ២នៅប្រទេសឡាវ និង១ នៅដែនដីកម្ពុជាក្រោម។





អរោគ្យសាលា ឬមន្ទីរពេទ្យបុរាណ  ត្រូវបានរកឃើញចំនួន ៦នៅក្នុងរាជធានីអង្គរ។ ប្រាសាទព្រហ្មកិល ដែលស្ថិតនៅខាងលិច ជំហៀងខាងជើង នៃប្រាសាទអង្គរវត្ត ក៏ជាអតីតមន្ទីរពេទ្យបុរាណផងដែរ។ ប្រាសាទព្រហ្មកិល បានបែកបាក់ខ្លាំង ប៉ុន្តែត្រូវបានអាជ្ញាធរជាតិអប្សរា ជួសជុលឱ្យមានទម្រង់ដើមល្អឡើងវិញ។ កូនប្រាសាទដ៏តូចច្រឡឹងនេះ មិនមែនជាកន្លែងព្យាបាលនោះទេ ប៉ុន្តែជាកន្លែងគោរពបូជា របស់អ្នកមានជំនឿ នៅមានមកព្យាបាលជំងឺនៅអគារជុំវិញបរិវេណនេះ។ បច្ចប្បន្ន អគារសម្រាប់ព្យាបាលជំងឺ គឺបាត់អស់ទៅហើយ ដោយសារសំណង់ទាំងនោះ ធ្វើអំពីឈើ។ 

សារព័ត៌មានឌីជីថលថ្មីៗ បានណាត់ជួបលោក ម៉ៅ សុខនី ស្ថាបត្យករ នៃអាជ្ញាធរជាតិអប្សរា នៅប្រាសាទព្រហ្មកិល។ អ្នកជំនាញរូបនេះ បានដើរអ្នកសារព័ត៌មានដើរមើលជុំវិញ និងបង្ហាញពីប្លង់ នៃអតីតទីតាំងមន្ទីរពេទ្យផងដែរ។ 
 

បើតាមលោក ម៉ៅ សុខនី រចនាសម្ព័ន្ធមន្ទីរពេទ្យបុរាណ នៃប្រាសាទព្រហ្មកិល មានស្រះទឹក កំពែងជុំវិញ បណ្ណាល័យ និងហោបន់ស្រន់ (សំណង់ប្រាសាទ)។ ប្រាសាទព្រហ្មកិល ដែលយើងឃើញនាពេលបច្ចុប្បន្ន ជាកន្លែងបន់ស្រន់។ ក្នុងប្រាសាទ មានរុនបង្ហូរទឹកចូលមកស្រះទឹកនៅខាងក្រៅ។ នៅប្រាសាទព្រហ្មកិលនេះ ក៏មានចម្លាក់បុកថ្នាំផងដែរ។ 


នៅឆ្នាំ១៩២០ និងឆ្នាំ១៩៣៥ សាលាបារាំងចុងបូព៍ាប្រទេស​ បានជួសជុលប្រាសាទព្រហ្មកិលនេះ ដោយសារប្រាសាទដ៏តូចនេះ បែកបាក់ និងទ្រុឌទ្រោមខ្លាំង។ ធម្មជាតិ ក៏បានបំផ្លាញប្រាសាទនេះផងដែរ នាពេលដែលមិនមានអ្នកថែរក្សាឱ្យបានត្រឹមត្រូវ។ ការបែកបាក់ និងទ្រុឌទ្រោមកាន់តែខ្លាំងនេះ ធ្វើឱ្យអាជ្ញាធរជាតិអប្សរា សង្រ្គោះប្រាសាទនេះបន្ទាន់។ បច្ចុប្បន្ន ប្រាសាទព្រហ្មកិល កំពុងឈរយ៉ាងរឹងមាំ ក្រោយការជួសជុលរួចរាល់១០០ភាគរយ៕ 


 

ព័ត៌មានទាក់ទង