អ្នកជំនាញ ផ្គុំរូបព្រហ្មបាយ័ន (លោកេសូរ) ដើម្បីដាក់ចូលកន្លែងបាត់វិញ
សៀមរាប៖ ព្រះបាទជ័យវរ្ម័នទី៧ បានសង់ប្រាសាទ បាយ័ន។ ប្រាសាទបាយ័ន មានទម្រង់ជាប្រាសាទភ្នំ ដែលបង្ហាញពីស្ថាបត្យកម្មចម្លែកថ្មីមួយ ពីប្រាសាទនានា។ ប្រាសាទបាយ័ន មានប្រាង្គចំនួន ៥៤ ដែលប្រាង្គនីមួយៗ មានរូបចម្លាក់ព្រហ្មមុខ៤។ ប្រាសាទបាយ័ននេះ ស្ថិតនៅចំផ្ចិតក្នុងអង្គរធំតែម្ដង។
កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា ជាអ្នកដឹកនាំគម្រោងជួសជុលកម្រាលស្រុត និងប្រព័ន្ធបង្ហូរទឹកនៅប្រាសាទបាយ័ន។ ក្រោយរើថ្ម ដើម្បីជួសជុល ក្រុមការងារអាជ្ញាធរជាតិអប្សរា បានឃើញមុខព្រហ្មបាយ័នមួយចំនួន ដែលបានបាត់ចេញពីកំពូលប្រាសាទបាយ័ន។ គំនរថ្ម ដែលបារាំងបានគរនៅជាប់ជញ្ជាំងខាងក្រៅនោះ មានមុខព្រហ្មបាយ័ន ដែលធ្លាក់ចេញពីកំពូលប្រាសាទ។
កញ្ញា ម៉េង សុវណ្ណលីលីន បញ្ជាក់ថា អាជ្ញាធរជាតិអប្សរា នឹងដាក់បញ្ចូលបំណែកមុខព្រហ្មទាំងនេះ ចូលកន្លែងដើមវិញ ប្រសិនបើ ការសិក្សារកទីតាំង និងបំណែកមុខព្រហ្មទាំងនោះ ត្រូវគ្នា។ ការរើថ្មនេះ ក្រុមការងារជួសជុល រកឃើញថ្ម ដែលបានបាត់ពីកន្លែងដើមជាច្រើន ដូចជា ផ្ដែ ហោជាង ធ្នឹម សសរ ជញ្ជាំង និងមុខព្រហ្មជាដើម។
កន្លងមក អ្នកជំនាញជប៉ុន ដែលតំណាងឱ្យប្រទេសជប៉ុន ក្នុងការជួសជុលនៅប្រាសាទបាយ័ន បានរកឃើញមុខព្រហ្មបាយ័ន នៅក្នុងគំនរថ្មនានា។ ប៉ុន្តែ អ្នកជំនាញជប៉ុន បានរើថ្ម ដែលជាមុខព្រហ្មបាយ័នទាំងនោះ ដាក់នៅក្នុងគំនរថ្មនៅជុំវិញប្រាសាទបាយ័ន ដើម្បីជួសជុលការដ្ឋាននានា។ ប្រសិនបើការរើថ្មទាំងអស់ប្រទះឃើញមុខព្រហ្មបាយ័ន ដែលបានធ្លាក់ចេញពីកន្លែងដើម អាជ្ញាធរជាតិអប្សរា នឹងផ្គុំចូលមុខព្រហ្មបាយ័ន នៃកំពូលប្រាសាទបាយ័ន វិញ៕
-
© រក្សាសិទ្ធិដោយ thmeythmey25.com