ព្រៃវែងជាខេត្តទី១២ ដែលរុះរើស្លាកពាណិជ្ជកម្មស្រាបៀរនៅតាមដងផ្លូវ

09/08/2024 9:33 am ភ្នំពេញ

ព្រៃវែងជាខេត្តទី១២ ដែលចូលរួមក្នុងចលនារុះរើផ្ទាំងពាណិជ្ជកម្មស្រាបៀរ ឬគ្រឿងស្រវឹងគ្រប់ប្រភេទ បន្ទាប់ពី ខេត្តកំពង់ស្ពឺ, តាកែវ, កណ្ដាល, កំពត, បាត់ដំបង, ក្រចេះ, ស្ទឹង​ត្រែង, ​មណ្ឌលគិរី, កែប កំពង់ធំ និងសៀមរាប។



រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៨ ខែសីហានេះ បានណែនាំឱ្យអភិបាលក្រុង-ស្រុកទាំងអស់ ជូនដំណឹងទៅកាន់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មផ្ទាំងប៉ាណូ ដែលបានផ្សព្វផ្សាយរូបភាពស្រាបៀរ ឬគ្រឿងស្រវឹង នៅតាមដងផ្លូវ និងទីប្រជុំជននានា ឱ្យរុះរើចេញក្នុងរយៈពេល២សប្ដាហ៍ បើមិនដូច្នេះ អាជ្ញាធរចុះអនុវត្តដោយខ្លួនឯង។ ផ្ទាំងប៉ាណូទាំងអស់ ត្រូវប្តូរទៅជាការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមិនទាក់ទងនឹងរូបភាព ឬខ្លឹមសារស្រាបៀរ ឬគ្រឿងស្រវឹង។ 
 
ការផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹង បានជះឥទ្ធិពលអវិជ្ជមានដល់សង្គម ជាពិសេស អូសទាញយុវជនឱ្យសេពគ្រឿងស្រវឹងឈានដល់ការប្រើប្រាស់អំពើហិង្សាផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ ជាដើម។ ដូច្នេះ វិធានការរុះរើផ្ទាំពាណិជ្ជកម្មស្រាបៀរនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម និងចូលរួមថែរក្សាសោភ័ណ្ឌភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងទីប្រជុំជនក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ នេះបើតាមរដ្ឋបាលខេត្តព្រៃវែង៕ 
 

ព័ត៌មានទាក់ទង