ឧបករណ៍នេសាទល្មើសច្បាប់មួយចំនួន ត្រូវបានរុះរើ និងបំផ្លាញចោល នៅក្នុងប្រតិបត្តិការ ចុះបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រមួយចំនួន នៅខេត្តសៀមរាប និងខេត្តបាត់ដំបង កាលពីថ្ងៃទី៤ ខែសីហា។
បើតាមការផ្សាយរបស់ក្រសួងកសិកម្ម នៅថ្ងៃទី៦ ខែសីហា រដ្ឋបាលជលផលខេត្តបាត់ដំបង និងកម្លាំងចម្រុះ បានប្រតិបត្តិការនេះ ចាប់ ពីចំណុចមុខពាមមេជ្រៃ ស្ថិតក្នុងភូមិសាស្រ្តឃុំកែវពណ៍ ស្រុកពួក ខេត្តសៀមរាប រហូតដល់ចំណុចមុខពាមព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនេះ មន្ដ្រីជំនាញនិងកងអន្តរាគមន៍ចម្រុះ បានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែង ឧបករណ៍នេសាទល្មើសច្បាប់, របាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រ ចំនួន២ករណី រួមមានរបាំងសាច់អួនក្រឡាញឹកចំនួន២៥របាំង, ឡុកចំនួន២៥, បង្គោលចំរឹង ៣ ២០០ដើម និងបានចាក់លែងត្រីចម្រុះចំនួន ៧០គីឡូក្រាម។
សកម្មភាពបង្ក្រាបនេះ ដឹកនាំដោយ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដោយមានការចូលរួមពីកម្លាំងរបស់ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង, ផ្នែករដ្ឋបាលជលផលព្រែកទាល់ សង្កាត់រដ្ឋបាលជលផលកំពង់ប្រហុក និងសហគមន៍នេសាទអន្លង់តាអួ។ នេះបើតាមក្រសួងកសិកម្ម៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com