ដំណាំស្រូវ ២០៤៥ហិកតា នៅខេត្តកំពង់ធំ បានរងការជន់លិចធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀង នាប៉ុន្មានសប្ដាហ៍មកនេះ។ បញ្ហានេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីជំនាញជាច្រើននាក់ បានចុះទៅពិនិត្យស្ថានភាពដោយផ្ទាល់ និងស្វែងរកមធ្យោបាយស្ទាក់ទឹក ដើម្បីជួយសង្គ្រោះស្រូវរបស់ពលរដ្ឋដែលកំពុងទុំ។
ក្នុងដំណើរបេសកកម្ម នៅថ្ងៃទី៥ ខែសីហានេះ លោក ឌិត ទីណា បានពិនិត្យឃើញថា ស្រូវរបស់កសិករមួយចំនួនបានទុំ និងដល់ពេលប្រមូលផលហើយ ប៉ុន្តែជាអកុសលត្រូវរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។ បើតាមរដ្ឋមន្រ្តីកសិកម្ម លទ្ធភាពដែលរដ្ឋាភិបាលអាចជួយកសិករបាននៅពេលនេះ គឺសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធគ្រប់ភាគីក្នុងការជួយទប់ស្កាត់ទឹក ដើម្បីឱ្យកសិករអាចច្រូតកាត់ផលស្រូវបានមួយចំនួន ដែលជួយសម្រាលនូវការខូចខាត និងបាត់បង់ថវិកាបានមួយផ្នែក ដ្បិតស្រូវខ្លះមិនទាន់គ្រប់អាយុទុំក៏ដោយ។
នៅក្នុងខេត្តកំពង់ធំ ស្រុកកំពង់ស្វាយ រងគ្រោះពីជំនន់ទឹកភ្លៀងខ្លាំងជាងគេ ដែលធ្វើឱ្យប៉ះពាល់ស្រូវ ២ ០៤៥ហិកតា និងខូចខាត ១ ៦២១ហិកតា។ ក្រុងស្ទឹងសែន មានដំណាំស្រូវ ៦៧០ហិកតា រងផលប៉ះពាល់ ក្នុងនោះ៩១ហិកតា បានខូចខាត ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៦ ខែសីហានេះ មានរាជធានី-ខេត្តចំនួន១២ហើយ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះមានខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ កំពង់ធំ ឧត្តរមានជ័យ កំពង់ស្ពឺ រតនគិរី ត្បូងឃ្មុំ ព្រៃវែង កណ្ដាល ភ្នំពេញ និងបាត់ដំបង ដែលស្មើនឹង៤៦ ក្រុង-ស្រុក និង១៤៧ ឃុំ-សង្កាត់។ ជំនន់នេះ បានធ្វើឱ្យប៉ះពាល់ពលរដ្ឋប្រមាណ ១៥ ៥០៦គ្រួសារ, ផ្ទះ ៥ ៤២៩ខ្នង ,ស្រូវ ១៥ ៤៣៥ហិកតា និងខូចខាតស្រូវសរុប ៣ ៣០៦ហិកតា៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com