ទន្ទឹមនឹងការប្ដេជ្ញាចិត្តរបស់ រដ្ឋបាលខេត្តកែបក្នុងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែប្រណិតភាព និងកម្រិតខ្ពស់។ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យខេត្តមួយនេះដាំដើមក្ងោកនៅតាមបណ្តោយឆ្នេរសមុទ្រ ជាពិសេសនៅឆ្នេរអង្កោលបន្ថែមទៀត ដើម្បីទាក់ទាញទេសចរ។
ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីនៃមន្ទីរបរិស្ថានខេត្តកែប នៅថ្ងៃទី៣ ខែសីហានេះ លោក អ៊ាង សុផល្លែត បានលើកឡើងថា រុក្ខជាតិក្ងោកគឺជាដើមសម្គាល់អត្តសញ្ញាណរបស់ខេត្តកែប ហើយការដាំដើមឈើប្រភេទនេះនៅតាមបណ្ដាឆ្នេរសមុទ្រ នឹងចូលរួមបង្កើនគម្របបៃតង ព្រមទាំងជួយពង្រឹងបន្ថែមលើការរៀបចំសេវាទេសចរណ៍ ផងដែរ។ តាមរយៈភាពស្អាត ភាពបៃតង និងមានចីរភាព គឺជាមូលដ្ឋានគ្រឹះធ្វើឱ្យសម្រេចបានតាមគោលដៅយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។
បើតាមលោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែប ដើមក្ងោកប្រៀបដូចជាអត្តសញ្ញាណខេត្តកែប ហើយនៅរដូវវាចេញផ្កា ចន្លោះពីខែមីនា ដល់កក្កដា មានភ្ញៀវទេសចរជាច្រើនមកគយគន និងថតរូបលេង។ បច្ចុប្បន្ន ខេត្តកែបកំពុងបន្តដាំដើមក្ងោក និងកូនឈើលម្អបន្ថែមទៀត។ មកទល់ពេលនេះ មានដាំដើមក្ងោកទាំងតូច និងធំប្រមាណ១០ម៉ឺនដើមហើយ ត្រូវបានដាំនៅទូទាំងខេត្ត៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com