អ្នកជំនាញកំពុងជួសជុលប្រាសាទត្រពាំងផុង ដើម្បីស្ថេរភាពសំណង់

02/08/2024 10:18 am សៀមរាប

សៀមរាប៖ «ប្រាសាទត្រពាំងផុង» ជាប្រាសាទប្រាង្គប្រាំ និងជាសំណង់ប្រាសាទសាសនា កសាងនៅពាក់កណ្ដាលសតវត្សរ៍ទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣ រចនាបថគូលែន។ មានតែប្រាង្គកណ្ដាលប៉ុណ្ណោះ ដែលនៅរក្សារូបរាងបានល្អ ។ ចំណែកប្រាង្គខាងកើត, ត្បូង និងជើង ខូចខាតធ្ងន់ធ្ងរ ខណៈប្រាង្គខាងលិចត្រូវបានបញ្ចប់ការជួសជុលក្នុងឆ្នាំ២០២១។



តាមការវាយតម្លៃរបស់អ្នកជំនាញ លោក សារាយ គឹមហួល ស្ថានភាពប្រាសាទនេះ ខូចខាតធ្ងន់ធ្ងរ ក្នុងនោះសំណងប្រាសាទទ្រុឌទ្រោម ហើយឥដ្ឋពុកផុយ ដែលបណ្ដាលមកពីអាយុកាល អាកាសធាតុ និងកត្តាមនុស្ស។

ស្ថានភាពទ្រុឌទ្រោមនេះ តម្រូវឱ្យមានការសង្គ្រោះប្រាសាទនេះជាបន្ទាន់ ចាប់ពីផ្នែកខឿន រហូតដល់កំពូលនៃប្រាសាទ។ នេះជាការលើកឡើងរបស់ លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា ដោយបញ្ជាក់បន្ថែមដូច្នេះ៖« ការជួសជុលមាន២ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលផ្នែកខាងលិច ហើយដំណាក់កាលទី២ គឺជួសជុលផ្នែកខាងកើត ខាងត្បូងនិងខាងជើង»។



ប្រាសាទត្រពាំងផុង ស្ថិតក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទឥដ្ឋនេះ មានកម្ពស់១៦ម៉ែត្រ សង់លើខឿនទំហំ៧ម៉ែត្រការេ និងមានកសិន្ធុទឹកព័ន្ធជុំវិញ។ ប្រាសាទនេះ ត្រូវបានលម្អដោយផ្ដែរ, ជណ្ដើរ, ស៊ុមទ្វារ ដែលធ្វើពីថ្មភក់។
 
នៅឆ្នាំ១៩៣៦ ប្រាសាទត្រពាំងផុង ធ្លាប់ត្រូវបានជួសជុល និងធ្វើកំណាយស្រាវជ្រាវ ដោយសាលាបារាំងចុងបូព៌ា។ គ្រានោះ អ្នកជំនាញបានជួសជុលរៀបចំខឿន នៅបរិវេណជុំវិញរួតកណ្ដាល នៃប្រាសាទ និងបានរកឃើញចម្លាក់មួយចំនួន​ យកទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរ៕ 

ព័ត៌មានទាក់ទង