គោលនយោបាយស្តីពី«ការថែទាំជំនួសចំពោះកុមារ»នឹងផ្តល់អាទិភាពលើការថែទាំកុមារគ្រប់រូប

ពិធីប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពី«ការថែទាំជំនួសចំពោះកុមារ» នៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី២៩ ខែកក្កដា។ រូបថត៖ ក្រសួងសង្គមកិច្ច

30/07/2024 11:04 am ភ្នំពេញ

គោលនយោបាយស្តីពី«ការថែទាំជំនួសចំពោះកុមារ» ត្រូវបានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី២៩ ខែកក្កដាតទៅ ដើម្បីផ្តល់អាទិភាពដល់ការថែទាំសម្រាប់កុមារគ្រប់រូបនៅកម្ពុជា។  លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច  ចាត់ទុកគោលនយោបាយនេះ ជាវឌ្ឍនភាពថ្មីមួយលើការកំណែទម្រង់ការងារថែទាំជំនួសចំពោះកុមារក្នុងបរិបទមួយយ៉ាងសំខាន់នៃការគិតគូររួមគ្នា ដើម្បីឧត្តមប្រយោជន៍កុមារនៅកម្ពុជា។



អនុវត្តគោលនយោបាយស្តីពី«ការថែទាំជំនួសចំពោះកុមារ»នេះត្រូវបានកែសម្រួលឡើងវិញ ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមការគាំទ្រពីអង្គការយូនីសេហ្វ និងអង្គការដៃគូពាក់ព័ន្ធ។​ បើតាមលោក ជា សុមេធី​ គោលនយោបាយនេះ ធ្វើឡើងដើម្បីធានាថា កុមារដែលពុំទទួលបានការថែទាំពីឪពុកម្តាយ គឺអាចរស់នៅក្នុងបរិយាកាសគ្រួសារមួយមានស្ថិរភាព ទទួលបានការលើកកម្ពស់សុខុមាលភាព និងការលូតលាស់ ព្រមទាំងកំណត់ថាការថែទាំនៅតាមមណ្ឌលគួរត្រូវបានប្រើប្រាស់ជាជម្រើសចុងក្រោយ នៅពេលដែលគ្មានជម្រើសថែទាំនៅតាមគ្រួសារ និងសហគមន៍។
 
នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពី«ការថែទាំជំនួសចំពោះកុមារ» នៅទីស្តីការក្រសួង នាថ្ងៃទី២៩ ខែកក្កដា លោក ជា សុមេធី បានបញ្ជាក់ថា​គោលនយោបាយស្តីពីការថែទាំជំនួសនេះ គឺជាវឌ្ឍនភាពថ្មីមួយលើការកំណែទម្រង់ការងារថែទាំជំនួសចំពោះកុមារ។ លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ចរូបនេះបាន ចាត់ទុកគោលនយោបាយនេះជាបរិបទមួយយ៉ាងសំខាន់ក្នុងការខិតខំគិតគូររួមគ្នា ដើម្បីឧត្តមប្រយោជន៍កុមារនៅកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវា ការគ្រប់គ្រងមណ្ឌលថែទាំកុមារ ការលើកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារ និងសហគមន៍ ស្របតាមច្បាប់ជាតិ អន្តរជាតិ។  



ជាពិសេសគោលនយោបាយនេះឆ្លើយតបនឹងគោលការណ៍នៃការថែទាំជំនួសចំពោះកុមាររបស់អង្គការសហប្រជាជាតិ ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ។ នេះជាការៀបរាប់បន្ថែមរបស់លោក ជា សុមេធី ដែលបានអះអាងថា​ ៖ « តាមរយៈគោលនយោបាយនេះ ក្រសួងនឹងបន្តខិតខំប្រឹងប្រែងបំពេញបេសកកម្មការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីធានាកុមារកំព្រា កុមារត្រូវបានគេបោះបង់ ក៏ដូចជាកុមាររងគ្រោះនិងងាយរងគ្រោះដទៃទៀតទទួលបានការការពារ និងផលប្រយោជន៍ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ»។

ជាមួយគ្នានេះ អង្គការយូនីសេហ្វប្រចាំកម្ពុជា​ បានចាត់ទុកគោលនយោបាយស្តីពី«ការថែទាំជំនួសចំពោះកុមារ» គឺជាបេសកកម្មថ្មីរបស់ខ្លួនក្នុងការពារសិទ្ធិកុមារកម្ពុជា។ លោក វីល ផាកស៍ ដែលជានាយកយូនីសេហ្វប្រចាំកម្ពុជា បាននិយាយយ៉ាងដូច្នេះ៖ «ថ្ងៃនេះយើងបានចាប់ផ្តើមទំព័រថ្មីមួយនៅក្នុងការងាររបស់យើង ក្នុងការការពារ និងលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា » ។  

ការថែទាំនៅតាមគ្រួសារគឺជាជម្រើសដ៏ល្អបំផុតសម្រាប់កុមារគ្រប់រូប ព្រោះវាជំរុញឱ្យមានការលូតលាស់ល្អទាំងផ្លូវអារម្មណ៍ ផ្លូវចិត្ត និងសង្គមរបស់កុមារ។ នេះជាការបញ្ជាក់របស់លោក ផាកស៍ បានមើលឃើញថា ៖ « គោលនយោបាយនេះ​ មានលក្ខណៈស្របតាមស្តង់ដារសកលលោក និងត្រូវបានរៀបចំឡើងដោយមានកិច្ចខិតខំប្រឹងប្រែង និងសហប្រតិបត្តិការជាមួយស្ថាប័នជាតិ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការលើកកម្ពស់កិច្ចការពារកុមារគ្រប់រូប និងសិទ្ធិរបស់ពួកគេក្នុងការលូតលាស់នៅក្នុងបរិយាកាសមានការគាំទ្រ ថែរក្សា និងស្ថិរភាព»។


បន្ថែមពីលើការផ្តល់អាទិភាពដល់ការថែទាំតាមគ្រួសារ ជាជាងការថែទាំតាមមណ្ឌល គោលនយោបាយ ដែលបានកែសម្រួលថ្មីនេះ បានដាក់បញ្ចូលចំណុចថ្មីៗ និងអាទិភាពសំខាន់ៗមួយចំនួន រួមទាំងការកែលម្អសេវាថែរក្សាកុមារនៅក្នុងគ្រួសារ និងសេវាបញ្ជូន។ គោលនយោបាយនេះ ក៏បានបញ្ជូលនូវការកសាងសមត្ថភាពរបស់ស្ថាប័នរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាថែទាំជំនួសដល់កុមារ ការបង្កើនថវិកាសម្រាប់កំណែទម្រង់ការថែទាំសុខភាព និងការកែលម្អការសម្របសម្រួលរវាងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ផងដែរ។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វប្រចាំកម្ពុជា​ នៅឆ្នាំ២០២២ មានកុមារ និងយុវជន ជាង ៩០០០នាក់ បានរស់នៅតាមកន្លែងថែទាំចំនួន២៧០កន្លែងនៅកម្ពុជា។  ក្នុងនោះមាននៅមណ្ឌលថែទាំកុមារ​ ផ្ទះស្នាក់នៅបណ្តោះអាសន្ន ផ្ទះស្នាក់នៅជាក្រុម វត្តអារាម និងអគារសានា និងអន្តេវាសិកដ្ឋាន។ 
 
តួលេខនេះបានបង្ហាញពីការថយចុះយ៉ាងខ្លាំងគួរឱ្យ​កត់សម្គាល់ពីតួលេខកុមារ និងយុវជនចំនួនជាង ៣៥០០០នាក់ ដែលរស់នៅតាមកន្លែងថែទាំចំនួន៦៣៩កន្លែងនៅក្នុងឆ្នាំ២០១៥៕ 

ព័ត៌មានទាក់ទង