យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណ ២៤ ៦៩៩គ្រាប់ ត្រូវបានក្រុមមន្រ្តីជំនាញ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ស្រង់ចេញពីទន្លេមេគង្គ នៅក្នុងរយៈពេល១៦ខែ ដែលគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់មិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ លោក ហេង រតន អគ្គនាយកមជ្ឈមណ្ឌលស៊ីម៉ាក់ នៅថ្ងៃទី២៥ ខែកក្កដា។
ក្រៅតែពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ ស៊ីម៉ាក់ ក៏ប្រមូលបានបំណែកដែកនាវា និងបំបែងយុទ្ធភណ្ឌសង្គ្រាមជាង ២៧តោនផងដែរ។ ចំពោះគ្រាប់យុទ្ធភណ្ឌដែលស្រង់បាន ត្រូវបានបញ្ជូលទៅខេត្តកំពង់ឆ្នាំង ដើម្បីដោះបន្សាបក្នុងចំនួន៨២៤៦គ្រាប់ និងកម្ទេចចោល១៣០៣៧គ្រាប់។
បើតាមរបាយការណ៍របស់អាជ្ញាធរមីន រយៈពេល៥ខែ ឆ្នាំ២០២៤ មានមនុស្សចំនួន៣០នាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះមាន ៨នាក់បានស្លាប់ របួស១៨នាក់ និងធ្លាក់ខ្លួនពិការ៤នាក់។ អត្រាគ្រោះថ្នាក់នេះ កើនឡើង៥៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានជនរងគ្រោះត្រឹម១៩នាក់ប៉ុណ្ណោះ។ បើគិតចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឧសភា ឆ្នាំ២០២៤ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមសរុប ៦៥.០៦៧នាក់ ក្នុងនោះរងគ្រោះដោយសារមីន៧៩ភាគរយ និងសំណល់ជាតិផ្ទុះពីសង្រ្គាម២១ភាគរយ។
មកដល់ពេលនេះ មាន១៥ខេត្តហើយបានប្រកាសក្លាយជា «ខេត្តអស់មីន» ក្នុងរួមមាន កែប កំពង់ស្ពឺ មណ្ឌលគិរី ក្រចេះ កំពង់ចាម ស្ទឹងត្រែង ព្រៃវែង ភ្នំពេញ ព្រះសីហនុ ខេត្តត្បូងឃ្មុំ ស្វាយរៀង ខេតាកែវ កំពត កំពង់ឆ្នាំង និងកណ្តាល៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com