កសិករជាង​៧ម៉ឺនគ្រួសារ បានប្រើសេវាធានារ៉ាប់រង«ស្រូវ»លើការប្រែប្រួលអាកាសធាតុ

25/07/2024 2:54 pm ភ្នំពេញ

ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុបានកើនឡើងពីមួយឆ្នាំទៅមួយ ដែលបាន​និងកំពុងគំរាមកំហែងដល់ការដាំដុះរបស់ប្រជាកសិករ ជាពិសេសលើដំណាំស្រូវតែម្តង។ ដើម្បីការពារនូវហានិភ័យនេះ បច្ចុប្បន្នមានកសិករប្រមាណ​៧,៦ម៉ឺនគ្រួសារហើយ បានប្រើប្រាស់សេវាធានារ៉ាប់រងស្រូវលើការប្រែប្រួលអាកាសធាតុ។



កសិករចំនួន ៧៦ ១០៣គ្រួសារ នៅក្នុងខេត្តគោលដៅបាត់ដំបង​ កំពង់ធំ និងព្រៃវែង កំពុងប្រើប្រាស់សេវាធានារ៉ាប់រងស្រូវលើការប្រែប្រួលអាកាសធាតុពីក្រុមហ៊ុនធានារ៉ាប់រង Forte  ដែលជាក្រុមហ៊ុនតែមួយគត់ក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងទាំង៤០នៅកម្ពុជា ដែលធានារ៉ាប់រងលើវិស័យកសិកម្ម។​ បើតាមលោក នី លីហួង អគ្គនាយកធានារ៉ាប់រងខ្នាតតូច និងកសិកម្ម​ នៃក្រុមហ៊ុន Forte  ការធានារ៉ាប់រងស្រូវលើការប្រែប្រួលអាកាសធាតុនេះ​ គឺដើម្បីផ្ទេរនូវហានិភ័យរបស់ប្រជាកសិករ ក៏ដូចដើម្បីធានានូវសន្តិសុខស្បៀង ផងដែរ។​
 
ប្រសិនមិនអាចធ្វើស្រូវបានដោយសារគ្មានភ្លៀងធ្លាក់គ្រប់គ្រាន់ ឬដំណាំងស្រូវត្រូវបានជន់លិចដោយសារជំនន់ទឹកភ្លៀង នោះកសិករដែលប្រើប្រាស់សេវាកម្មធានារ៉ាប់រងស្រូវពី Forte នឹងទទួលបានសំណងក្នុងទំហំណាមួយដែលបានព្រមព្រៀងជាមួយក្រុមហ៊ុន។ «សំណងដែលយើងផ្តល់ជូនអតិថិជន គឺយើងផ្អែកលើកម្រិតទឹកភ្លៀងដែលបានធ្លាក់គ្របដណ្តប់លើផលដំណាំស្រូវរបស់កសិករ»។ លោក នី លីហួង បាននិយាយបែបនេះមកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey)​។


 
អ្នកជំនាញរូបនេះបន្តពន្យល់ដោយលើកឧទាហរណ៍មកបង្ហាញយ៉ាងដូច្នេះ៖ «បើមានភ្លៀងច្រើនជ្រួលធ្វើឱ្យជន់លិចដំណាំស្រូវ! នោះយើងនឹងពិនិត្យមើលថា​ តើការលិចនៅក្នុងកម្រិតណា ហើយយើងផ្តល់សំណងឱ្យគាត់[កសិករ] នៅក្នុងកម្រិតណាដែរ។ បើស្រូវនោះខូចខាតខ្លាំងដោយទឹកភ្លៀង​ យើងនឹងផ្តល់ឱ្យគាត់នៅក្នុងកម្រិតណាមួយដែរ។​ អ៊ីចឹង! សំណងរបស់យើងផ្តល់ឱ្យកសិករ គឺជាចែកចេញពីកម្រិតផ្សេងៗគ្នាអាស្រ័យទៅលើទំហំខូចខាតនៃដំណាំស្រូវដោយសារការប្រែប្រួលអាកាសធាតុ»។ 
 
បើតាមលោក នី លីហួង ការផ្តល់សំណងជូនកសិករដែលប្រើប្រាស់សេវាធានារ៉ាប់រងស្រូវនេះ គឺមានរៀងរាល់ឆ្នាំ។ លោកបានរៀបរាប់ថា កាលពីឆ្នាំ២០២៣ Forte បានផ្តល់សំណងលើការធានារ៉ាប់រងស្រូវនេះអស់ប្រមាណ៥០-៦០ម៉ឺនដុល្លារ ដល់កសិករចំនួន​ ៩ ០០៦នាក់។ « សម្រាប់សំណងរបស់យើងឆ្នាំនេះ គឺអាចមានទំហំធំជាងឆ្នាំទៅទៀត ក៏ព្រោះតែឆ្នាំនេះមានបាតុភូតអែលនីញ៉ូបានបង្កភាពរាំងស្ងួតខ្លាំងធ្វើឱ្យប៉ះពាល់ដល់ការដាំដុះស្រូវរបស់កសិករយើងច្រើនផងដែរ»។ នេះជាការបញ្ជាក់របស់លោកអគ្គនាយកធានារ៉ាប់រងខ្នាតតូច និងកសិកម្ម​ នៃក្រុមហ៊ុន Forte  ។

ក្នុងឆ្នាំ២០២៤ ​មានកសិករ​នៅក្នុងខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង ចំនួន៧៦ ១០៣គ្រួសារ​ បានប្រើប្រាស់សេវាធានារ៉ាប់រងស្រូវពីក្រុមហ៊ុន Forte លើការប្រែប្រួលអាកាសធាតុ។ ចំនួននេះបើធៀបនឹងឆ្នាំ២០២៣ មានកសិករចំនួន ៥៤ ៨០០គ្រួសារប៉ុណ្ណោះ។ លោក នី លីហួង បានបន្ថែមថា ចំនួនបុព្វលាភ​​ ឬប្រាក់ដែលក្រុមហ៊ុនប្រមូលបានពីកសិករទាំងនោះក្នុងឆ្នាំនេះមានប្រមាណ៧៦ម៉ឺនលានដុល្លារ។ 
 
ក្រៅពីសេវាធានារ៉ាប់រងលើដំណាំស្រូវ, ក្រុមហ៊ុន Forte ក៏កំពុងសាកល្បងការធានារ៉ាប់រងកសិកម្មទៅលើដំណាំស្វាយ ពោត ដំឡូង និងស្វាយចន្ទី ផងដែរ។ អ្នកជំនាញដដែលរូបនេះ បានអះអាងថា សេវាធានារ៉ាប់រងនៅក្នុងវិស័យកសិកម្ម គឺពិតជាមានសារៈសំខាន់ណាស់នៅក្នុងការជួយផ្ទេរហានិភ័យរបស់ប្រជាកសិករ និងដើម្បីធានាបាននូវស្ថិរភាពសន្តិសុខស្បៀងនៅក្នុងស្រុក ឬបម្រើដល់ការនាំចេញរបស់កម្ពុជា ផងដែរ។
 
កាល​ឆ្នាំ​២០២៣​ កម្ពុជា​ជា​ប់​ចំណាត់​ថ្នាក់​លេខ១០​ក្នុងចំណោម​ប្រទេសផលិត​អង្ករ​ច្រើនជាងគេ​ក្នុង​ពិភព​លោក ​ទាំង​សម្រាប់​ការប្រើប្រាស់​នៅក្នុង​ស្រុក និង​សម្រាប់​នាំចេញ​។​ ក្នុងឆ្នាំនោះកម្ពុជាបាននាំចេញអង្ករចំនួន ៦៥៦ ៣២៣តោន ទៅកាន់ប្រ​ទេសចំនួន៦១ និង​ស្រូវ៤,៤លានតោន ដែលបង្កើតប្រាក់ចំណូលសរុបចំនួន១,៨ពាន់លានដុល្លារ។  
 
សម្រាប់ឆមាសទី១ ឆ្នាំ២០២៤​ កម្ពុជានាំចេញអង្ករ​បាន​៣៣៨ ៦៥៤ តោន ក្នុងទំហំទឹកប្រាក់ជាង២៤៧​លានដុល្លារ​ និងនាំចេញស្រូវជាង​២,៥លានតោន​ដោយទទួលបានទឹកប្រាក់ជាង៧២៧លានដុល្លារ​។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕ 

ព័ត៌មានទាក់ទង