អភិបាលខេត្ត​តាកែវ ផ្អាក​រោងចក្រមួយកន្លែង​​បណ្ដោះអាសន្ន​ ​​ក្រោយ​ហុយផ្សែង​ដល់​សាលារៀន

25/07/2024 10:01 am ភ្នំពេញ

ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្ត​តាកែវ អះអាងថា រោង​ចក្រ​ដែល​បង្ក​ឱ្យមានផ្សែងពីការ​ដុត​កំណាត់ ត្រូវ​បាន​ផ្អាក​ដំណើរការ​​មួយរយៈ ដើម្បីកែប្រែបច្ចេកទេស។ បើតាម​អភិបាលខេត្តតាកែវ រោងចក្រនេះ នឹង​ត្រូវសង់បំពង់បង្ហុយផ្សែងកម្ពស់ ២៥ម៉ែត្រ ដើម្បីកុំឱ្យហុយផ្សែងចូលសាលារៀន ដែលប៉ះពាល់ដល់ការសិក្សារបស់សិស្ស។



កាល​ពី​ពេល​ថ្មីៗនេះ គ្រូបង្រៀនម្នាក់​នៅសាលាបឋម​សិក្សា​អង្គរនាប ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្ដតាកែវ បាន​បង្ហោះលើ​បណ្ដាញ​សង្គម​​ពាក់ព័ន្ធ​នឹង​ក្លិន​ស្អុយ រួមទាំង​ផ្សែង ដែល​បង្កផល​ប៉ះពាល់ដល់សិក្សារបស់​សិស្ស។ «ស្អុយផ្សែងចេញ​ពី​រោង​ចក្រ​រាល់ថ្ងៃ ព្រោះ​សាលា​រៀន​នៅក្រោម​ខ្យល់​ (ខ្យល់​បក់​មក​ពី​លិច រោងចក្រ​នៅ​ខាង​លិច សាលា​នៅខាង​កើត) ទាំង​គ្រូ​ទាំង​សិស្ស​ លែងចង់​មក​សាលារៀន​ហើយ»។ នេះជា​សំណេរ​របស់​គ្រូបង្រៀន​ខាងលើ។ 
 

ក្រោយ​រូបភាព និង​វីដេអូ ចែក​ចាយ​លើ​បណ្ដាញសង្គម ក៏​បានដឹង​ដល់​អាជ្ញាធរ​ស្រុកត្រាំកក់ ចុះទៅ​ណែនាំដល់​រោងចក្រដែល​បង្កផល​ប៉ះ​ពាល់។ បើតាម​រដ្ឋបាលស្រុកត្រាំកក់ នៅ​ថ្ងៃទី​២៣ កក្កដា លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ និង​មន្ត្រីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យបច្ចេកទេសរោងចក្រដេរ​សម្លៀកបំពាក់ដែលនៅជិត​សាលា​បឋមសិក្សានោះ។ ដើម្បីបញ្ជៀសផលប៉ះពាល់ អាជ្ញាធរ​​តម្រូវឱ្យរោងចក្រអនុវត្តតាមបច្ចេកទេសរបស់មន្ត្រីជំនាញនៃមន្ទីរបរិស្ថាន។
 
ជុំវិញ​បញ្ហានេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗតាម​តេឡេ​ក្រាម​ថា អាជ្ញាធរបាន​ផ្អាក​ដំណើរការ​រោងចក្រ​នោះ​បណ្ដោះ​អាសន្ន​ ដើម្បី​កែ​ប្រែ​បច្ចេកទេស។ លោក លើក​ឡើងថា៖«យើង​ឱ្យ​គាត់​ផ្អាក​ដំណើរការ​សិន ព្រោះ​តម្រូវ​ឱ្យ​សង់​បំពង់បង្ហុយផ្សែងកម្ពស់ ២៥ម៉ែត្រ ដើម្បីឱ្យ​ផុត​ដំបូល​សាលា»។ 

               លោក វ៉ី សំណាង អភិបាលខេត្ត​តាកែវ។ រូបភាពពីហ្វេសប៊ុក​លោក វ៉ី សំណាង។ 

ពាក់​ព័ន្ធ​នឹង​បញ្ហានេះ លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ការអភិវឌ្ឍន៍នៅកម្ពុជាត្រូវតែយកចិត្តទុកដាក់ និងបែងចែកជាតំបន់សម្រាប់វិស័យនីមួយៗ ទើបការរស់នៅមានទាំងសុខុមាលភាព សន្តិសុខ សុវត្ថិភាព​ និងរបៀបរៀបរយ។ បើតាម​អ្នកតាមដាន​បញ្ហា​សង្គមរូបនេះ ចំពោះអាជីវកម្ម​ដែល​មាន​សំឡេងរំខាន ផ្សែង ឬក្លិន​ ដែល​រំខាន ឬប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់ពលរដ្ឋ គួរ​តែ​ដាក់​នៅ​ទីតាំង​ដែល​ឆ្ងាយពី​​តំបន់លំនៅដ្ឋា​ន ឬសាលារៀន។


 
សូម​បញ្ជាក់ថា ការបំពុល​ខ្យល់​ អាច​បំផ្លាញ​រាង​កាយ​របស់​​មនុស្ស ថែម​ទាំង​បង្កើន​ឱកាស​កាន់តែច្រើន ជាពិសេស​អាច​បង្កឱ្យ​មាន​ជំងឺ​ផ្សេងៗ។ ជា​មួយ​គ្នានេះ ខ្យល់​ គឺ​ជា​ឧស្ម័ន​ចម្រុះគ្នា ដែល​មាន​ឧស្ម័ន​អុក​ស៊ីសែន សម្រាប់​រុក្ខជាតិ សត្វ និង​មនុស្ស​ត្រូវការ​ ដើម្បី​រស់រាន​មានជីវិត៕ 
 

ព័ត៌មានទាក់ទង