សិស្សនៅកោះកុងដែលជាប់និទ្ទេសA នឹងទទួលបានថវិកា ៤លានរៀលពីអភិបាលខេត្ត

24/07/2024 3:41 pm ភ្នំពេញ

លោក​ស្រី មិថុនា ភូថង នឹងផ្តល់ថវិកា៤លានរៀល​ ជាការលើកទឹកចិត្តដល់សិស្សនៅក្នុង ខេត្តកោះកុង ដែល​អាច​ប្រ​ជែង​យក​​និទ្ទេស A នៅក្នុង​​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី​៨ តុលាខាងមុខ។ នេះបើតាម​សេចក្ដី​ជូនដំណឹងរបស់ រដ្ឋបាលខេត្តកោះកុង ចុះ​ផ្សាយ​ថ្ងៃទី​២២ កក្កដានេះ។



មិនខុសពីឆ្នាំមុនឡើយ អភិបាលខេត្ត​កោះកុង បន្ត​​សន្យា​ផ្ដល់​​ថវិកាលើកទឹកចិត្ត​​សិស្ស ដែល​ ​ប្រឡង​ជាប់​និទ្ទេសA ក្នុង​ខេត្ត​កោះកុង។ ទន្ទឹមនឹងការសន្យាផ្តល់ ​ថវិកា​លើកទឹកចិត្ត​ចំនួន ៤​លាន​រៀល ក្នុង​ម្នាក់ លោកស្រី មិថុនា ភូថង ក៏ស្នើឱ្យសិស្សានុសិស្ស ខិតខំប្រឹង ប្រែងបញ្ចេញឱ្យអស់សមត្ថភាពនៅក្នុងពេល​ប្រឡងនេះដែរ។
 
លោក​ស្រី មិថុនា ភូថង បញ្ជាក់​ដូច្នេះ៖«សូមលើកទឹកចិត្តដល់ប្អូនៗ និងក្មួយៗ​សិស្សានុ​សិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រឡងដោយយក​ចំណេះ​ដឹង សមត្ថភាពផ្ទាល់ខ្លួនជាមូលដ្ឋាន ដោយមិនត្រូវពឹងផ្អែកលើការលួចចម្លងពីសំណៅ​ឯក​សារផ្សេងៗ ឬការលួចចម្លងពីអ្នក​ដទៃនោះឡើយ។»​។

​អភិបាលខេត្ត​រូបនេះ ក៏បានរំឭកសិស្សានុសិស្សឱ្យ​ គោរពបទបញ្ជាផ្ទៃក្នុង និងគោលការណ៍​ណែនាំនានា​​ ពិសេសកុំ​ជឿ​ការបោក​ប្រាស់ពី​ជនខិលខូច​មួយ​ចំនួន ​ពាក់ព័ន្ធ​នឹង​ការ​រត់ការ​ក្នុង​ការប្រឡង​​។ 
 
​សូម​រំឭកថា កាល​ពីឆ្នាំ​២០២៣ ខេត្ត​កោះកុង មាន​សិស្ស​ជាប់​និទ្ទេសA​ ចំនួន ៣នាក់។ ជាការលើកទឹកចិត្ត អភិបាលខេត្ត បានផ្តល់ប្រាក់លើកទឹកចិត្តដល់សិស្សម្នាក់ៗ ចំនួន​ ៤លាន​រៀល និង​ផ្តល់​ម៉ូតូម្នាក់​១គ្រឿង ពីសម្តេច​ ទៀ បាញ់។
 
សូមបញ្ជាក់ថា ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ​២០២៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៨ តុលា ខាងមុខ៕​

ព័ត៌មានទាក់ទង