កន្លែងបង្កាត់ពូជអណ្ដើក«ហ្លួង» នៅកោះកុង ត្រូវបានដាក់ដំណើរការឱ្យប្រើប្រាស់

24/07/2024 9:49 am ភ្នំពេញ

អណ្ដើកហ្លួង ជាប្រភេទសត្វល្មូនតំណាងឱ្យកម្ពុជា ដែលស្ថិតក្នុងបញ្ជីក្រហមនៃប្រភេទសត្វជិតផុតពូជនៅលើពិភពលោក។  ដើម្បីអភិរក្ស​នូវសត្វកម្រនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ឱ្យដំណើរការកន្លែងបង្កាត់ពូជអណ្ដើក«ហ្លួង» របស់អង្គការ WCS នៅខេត្តកោះកុង។



មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​នេះ មានទីតាំងនៅ​ភូមិ​ទួល​គគីរ​លើ​ ​ឃុំ​ទួល​គគីរ​ ស្រុក​មណ្ឌល​សីមា ខេត្ត​កោះ​កុង​។ វា គឺជាទី​កន្លែង​មានសុវត្ថិភាព ​សម្រាប់​ការ​អភិរក្ស​សត្វ​អណ្តើក​ហ្លួង​ និង​ក្រពើ​ត្រី​ ដែលធ្វើឡើងតាមរយៈការចិញ្ចឹម​មើល​ថែ ​ប​​​​​ង្កាត់​ពូជ​ ​ភ្ញាស់​ពង​កូន​អណ្តើ​ក​ហ្លួង​ និង​ក្រពើ​ត្រី ​រហូត​ដល់សត្វទាំងនោះ​ធំ​ធាត់​ ទើបអា​ច​លែង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​នៃ​ជា​ទី​ជម្រក​ធម្ម​ជាតិ។
 
« រាល់សត្វអណ្តើកហ្លួង ដែលត្រូវបានលែងទៅក្នុងជម្រកធម្មជាតិ នឹងជួយទ្រទ្រង់ដល់ជលផលក្នុងប្រព័ន្ធព្រែកស្រែអំបិល រក្សាជីវៈចម្រុះ និងធានាថាសត្វល្មូនតំណាងជាតិរបស់កម្ពុជា អាចមានចំនួនកើនឡើងនៅក្នុងទីជម្រកធម្មជាតិ»។ ក្រសួងកសិកម្មបានសរសេររៀបរាប់បែបនេះនៅទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ២០២៤។


អណ្ដើកហ្លួង បានរងការគំរាមកំហែងតាមរយៈការបាត់បង់ព្រៃលិចទឹក ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី ការដាក់សន្ទូច ប្រភេទហាមឃាត់ ការនេសាទក្នុងតំបន់ហាមឃាត់ជាដើម។ ជាងនេះទៀត ការបូមខ្សាច់ខុសច្បាប់ ក៏បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូនផងដែរ។ បច្ចុប្បន្ន សត្វល្មូនដែលតំណាងជាតិកម្ពុជានេះ បានស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទផ្សេងទៀត នៅលើពិភពលោក ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។



អណ្តើកហ្លួង ធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ ប៉ុន្តែនៅឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការសមាគមន៍អភរិក្សសត្វព្រៃប្រចាំកម្ពុជា (WCS) បានសិក្សាស្រាវជា្រវ និងរកឃើញចំនួនសេសសល់តិចតួច របស់វាមាននៅតាមប្រព័ន្ធព្រែក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ បើតាមក្រសួងកសិកម្ម បច្ចុប្ប​ន្ន សត្វនេះមានប្រហែល១០០ក្បាលប៉ុណ្ណោះនៅ​ក្នុង​ប្រទេស​កម្ពុជា​៕ 

ព័ត៌មានទាក់ទង