
ការរុះរើផ្ទាំងប៉ាណូ និងស្លាកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅទីសាធារណៈ មានសកម្មភាពកាន់តែផុសផុលឡើងៗ ពោលគឺចាប់តាំងពីដើមខែកក្កដាមក។ ចាប់ផ្តើមមុនគេ ពីខេត្តកំពង់ស្ពឺ តាមបន្តដោយ តាកែវ ក្រចេះ ស្ទឹងត្រែង និងបាត់ដំបង។ ចុងក្រោយនេះ ខេត្តកណ្តាល កំពត និងមណ្ឌលគិរី ក៏ចាប់ផ្ដើមរុះរើផ្ទាំងប៉ាណូ និងស្លាកផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរតាមដងផ្លូវដែរ ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម និងរក្សាសណ្តាប់ធ្នាប់ សោភ័ណភាពនៅតាមផ្លូវ។
សម្រាប់រដ្ឋបាលខេត្តកណ្ដាល ការដាក់ផ្សាយពាណិជ្ជកម្មស្រាបៀរ ពុំមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភ័ណភាព និងអាចបង្កឱ្យមាន គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។ លោក គួច ចំរើន បានបញ្ជាឱ្យម្ចាស់អាជីវកម្ម និងសេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង រុះរើផ្ទាំងប៉ាណូលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីព្រំប្រទល់រវាងរាជធានីភ្នំពេញ-ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តកណ្តាល-ខេត្តព្រៃវែង។
នៅខេត្តកំពត និងខេត្តមណ្ឌលគិរីវិញ ថ្នាក់ដឹកនាំខេត្តទាំង២នេះ បានណែនាំឱ្យអភិបាលក្រុង-ស្រុក ចុះអប់រំអំពីផលប៉ះពាល់នៃការផ្សព្វផ្សាយគ្រឿងស្រវឹង និងឱ្យម្ចាស់អាជីវកម្មរុះរើ ឬផ្លាស់ប្តូរយីហោ ដែលមានរូបភាពស្រាបៀរ ទៅជាភេសជ្ជៈវិញ។ ក្រៅពីបញ្ជាឱ្យរុះរើស្លាកពាណិជ្ជកម្មស្រាបៀរ អភិបាលខេត្តទាំងពីរនេះ ក៏ណែនាំឱ្យប្រធានការិយាល័យច្រកចេញចូលតែមួយ ពិនិត្យសំណើសុំបើកអាជីវកម្ម ឬលើកផ្លាកយីហោនានា ដើម្បីជៀសវាងការបន្តផ្សព្វផ្សាយគ្រឿងស្រវឹង ឬស្រាបៀរ។
ទាំងអភិបាលខេត្តកណ្ដាល កំពត និងមណ្ឌលគិរី បានទុកពេលដល់ម្ចាស់អាជីវកម្មរយៈពេល១សប្ដាហ៍ ដើម្បីរុះរើ។ ក្នុងករណីយឺតយ៉ាវ ឬមិនបានអនុវត្តតាម រដ្ឋបាលខេត្តនឹងចុះរុះរើ និងចាត់វិធានការច្បាប់។
សូមបញ្ជាក់ថា ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៨ កក្កដា លោក ស សុខា បានណែនាំអភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យសើរើឡើងវិញ ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិតគ្រឿងស្រវឹង ពាក់ព័ន្ធនឹងការផ្សាយស្លាកពាណិជ្ជកម្ម៕
-
ដោយ៖ ញឹក ស្រីល័ក្ខ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

