ទៅលេងប្រាសាទតាមាន់ និងប្រាសាទតាក្របី នឹងមាន​​មគ្គទេសក៍ជូនទស្សនាដោយឥតគិតថ្លៃ

18/07/2024 10:00 am ឧត្តរមានជ័យ

ទេសចរ​ដែល​មក​ទស្សនា​ប្រាសាទតាមាន់ និងប្រាសាទតាក្របី ក្នុង​ខេត្ត​ឧត្តរមានជ័យ នឹង​ទទួល​បានសេវាកម្ម​ណែនាំពី​មគ្គទេសក៍ទេសចរណ៍​ ដោយ​​ឥតគិតថ្លៃ។ នេះ​បើតាម​សំណេរ​លើ​ហ្វេសប៊ុក របស់​លោក មាន ចាន់​យ៉ា​ដា អភិបាលខេត្ត​ឧត្តរ​មានជ័យ​ថ្មី។​ យ៉ាងណាក៏ដោយ លោក មាន ចាន់យ៉ាដា មិនបានបញ្ជាក់ទេថា តើសេវាមគ្គទេសក៍នេះ នឹងត្រូវផ្តល់ជូន​សម្រាប់តែទេសចរជាតិ ឬក៏រាប់បញ្ចូលទាំងទេសចរអន្តរជាតិដែរនោះ។



ចូល​កាន់​តំណែងជិត​១០​ថ្ងៃ អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យថ្មី បាន​ចុះសួរសុខ​ទុក្ខកង​កម្លាំង​ឈរ​ជើង តាមបណ្ដោយព្រំដែន ចំណុចប្រាសាទតាមាន់ និងប្រា​សាទតាក្របីជា​បន្តបន្ទាប់។ លោក មាន ចាន់​យ៉ា​ដា ក៏​​ឆ្លៀត​​ផ្សព្វផ្សាយ​ទេសចរណ៍ក្នុង​​ខេត្ត​ខ្លួនដែរ និងអះអាងពីការផ្តល់មគ្គទេសក៍ឥតគិតថ្លៃ សម្រាប់ការ​ចូលទស្សនា​ប្រាសាទតា​មាន់ និងប្រាសាទតាក្របីទៀតផង។

លោក មាន ចាន់​យ៉ា​ដា អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ​ បញ្ជាក់​​ថា​៖ «ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួលដល់ទេសចរ រដ្ឋបាលខេត្ត នឹងរៀបចំមគ្គទេសក៍ រង់ចាំជូនទេសចរចូលទស្សនា​ប្រាសាទតា​មាន់ និងប្រាសាទតាក្របី ដោយឥតគិតថ្លៃ។»។



ក្រៅពី​នេះ អភិបាល​ខេត្ត​ថ្មីរូបនេះ ក៏​សំណូម​ពរ​ឱ្យ​ទេសចរ​មក​កម្សាន្តទស្សនាប្រាសាទកេរ​ដំ​ណែល​របស់​ដូនតាខ្មែរ​ផងដែរ។ 
 
ជុំវិញ​ព័ត៌មាន​លម្អិត​​អំពី​ការ​ផ្ដល់​មគ្គ​ទេសក៍នេះ សារ​ព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក មាន ចាន់​យ៉ា​ដា បាននោះ​ទេ ដោយ​លោក​មិន​ទទួល​ទូរសព្ទ។ សូមបញ្ជាក់​ថា ប្រាសាទតាក្របី មាន​ទី​តាំង​ស្ថិត​នៅ​ស្រុក​បន្ទាយ​អំពិល និង​ប្រាសាទតាមាន់ ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ដង​រែក​ នៃ​ខេត្ត​ឧត្តរ​មានជ័យ៕

                                                           ប្រាសាទតាមាន់


                                                            ប្រាសាទតាក្របី 

ព័ត៌មានទាក់ទង