Tripadvisor៖ សួនរុក្ខជាតិអង្គរ ជាប់ជាជម្រើសទេសចរណ៍ដ៏ល្អឆ្នាំ២០២៤

11/07/2024 9:58 am ភ្នំពេញ

សួនរុក្ខជាតិអង្គរ (Angkor Botanical Garden) ត្រូវបានជាប់ជាជម្រើសទេសចរណ៍ដ៏ល្អប្រចាំឆ្នាំ២០២៤ (Traveller’s Choice Awards Winner 2024) ក្នុងគេហទំព័រទេសចរណ៍ Tripadvisor។ សួនរុក្ខជាតិអង្គរ ស្ថិតនៅលេខរៀងទី៤២ ជាទីតាំងដ៏ល្អសម្រាប់ទេសចរទៅកម្សាន្ត ក្នុងចំណោមទីតាំងទេសចរណ៍ចំនួន២០៣កន្លែងក្នុងខេត្តសៀមរាប។



សួនរុក្ខជាតិអង្គរ ជារមណីយដ្ឋានកែច្នៃលើទំហំ​ដីជាង​១៥ហិកតា ដែលត្រូវបានរៀបចំយ៉ាងទាក់ទាញ មានរុក្ខជាតិចម្រុះរាប់ម៉ឺនដើម និងមានពូជឈើ និងរុក្ខជាតិជាង ៥០០ប្រភេទ ក្នុងនោះមានដើមផ្កា ស្មៅ ឈើហូបផ្លែ សួនគ្រឿងទេស និងបន្លែ សួនអំបូរត្នោត សួនលំនៅដ្ឋាន និងសួនសត្វច្រើនប្រភេទ។ សួនរុក្ខជាតិអង្គរ ស្ថិតក្នុងភូមិត្រពាំងសេះ ក្រុងសៀមរាប។ សួនរុក្ខជាតិមួយនេះ ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន រហូតជាប់ជាជម្រើសទេសចរប្រចាំឆ្នាំ២០២៤ ក្នុងគេហទំព័រទេសចរណ៍ Tripadvisor។ 


សួនរុក្ខជាតិអង្គរ ឈរនៅលេខរៀងទី៤២ ខណៈលេខរៀងទី១ នៅតែជាប្រាសាទអង្គរវត្ត,លេខរៀងទី២ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម​ លេខរៀងទី៣ ជាទីតាំងដ៏ល្អបំផុតសម្រាប់ទេសចរទៅកម្សាន្តក្នុងខេត្តសៀមរាប។ ចំណែកឯ ប្រាសាទបន្ទាយស្រី ឈរលេខរៀងទី១២ និងទី១៣ អង្គរធំ។
 
កន្លងមកក្រៅពីសៀមរាប Tripadvisor ក្នុងខ្ទង់ Travelers’ Choice: Best of the Best ឆ្នាំ២០២៤ បានបញ្ចូលរាជធានីភ្នំពេញក្នុងចំណោមតំបន់ទេសចរណ៍ដ៏លេចធ្លោ (Trending Destinations) ទាំង២៥លើពិភពលោកផងដែរ៕

ព័ត៌មានទាក់ទង