
ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បានជជែកលើបញ្ហាវិស័យទេសចរណ៍ ដែលពាក់ព័ន្ធនឹងរដូវ Low Season ធ្វើឱ្យខ្សត់ទេសចរ។ អ្នកប្រើប្រាស់បណ្ដាញសង្គម ងឿងឆ្ងល់ថា ហេតុអ្វីប្រទេសជិតខាង ជួបបញ្ហា Low Seasonដែរ ប៉ុន្តែនៅមានទេសចរច្រើនជាងកម្ពុជា? ចំណុចនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងថា ប្រទេសជិតខាងសម្បូរតំបន់ទេសចរណ៍កែច្នៃ ជាពិសេសមានគោលនយោបាយទាក់ទាញទេសចរ និងលើកលែងទិដ្ឋាការដល់ភ្ញៀវ។
នៅកម្ពុជា លំហូរភ្ញៀវនៅរដូវ Low Seasonនេះ មិនមានច្រើនដូចរដូវ High Season ឡើយ។ ចាប់ពីចុងខែមេសា រហូតដើមខែតុលានេះ ជាពេលវេលាខ្សត់ភ្ញៀវទេសចរ(Low Season)សម្រាប់កម្ពុជា ព្រោះជារដូវធ្លាក់ភ្លៀង។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) លើកឡើងថា នៅកម្ពុជា ទទួលភ្ញៀវទេសចរបានតែកន្លះឆ្នាំប៉ុណ្ណោះ គឺនៅរដូវ High Season គឺចាប់ពីចុងខែតុលា ដល់ដើមខែមេសា។
បើតាមប្រធានសមាគមទេសចរណ៍រូបនេះ ទេសចរអឺរ៉ុប តែងតែចូលចិត្តដើរកម្សាន្ត និងថតរូប ដូច្នេះរដូវភ្លៀងបានរំខានដល់ភ្ញៀវ។ ក្រៅពីនេះ លោកស្រី ឆាយ ស៊ីវលីន ក៏លើកឡើងនូវចំណុចមួយពាក់ព័ន្ធនឹងតំបន់ទេសចរណ៍របស់កម្ពុជា ភាគច្រើនបែបបេតិកភណ្ឌ វប្បធម៌ និងធម្មជាតិ ដែលមិនអនុញ្ញាតឱ្យសាងសង់ដំបូលបាំងភ្លៀងនោះទេ។ លោកស្រី យល់ថា នេះក៏ជាឧបសគ្គសម្រាប់ភ្ញៀវ ដែលមិនអាចដើរកម្សាន្តនៅរដូវភ្លៀងនៅកម្ពុជា ដូចប្រទេសជិតខាង។
ទាក់ទងនឹង Low Season នេះ មិនមែនមានក្នុងពេលថ្មីៗនេះទេ គឺមានតាំងពីមុនកូវីដ-១៩មកម៉្លេះ។ «ក្រោយវិបត្តិកូវីដ-១៩នេះ គឺនៅពេលភ្ញៀវអឺរ៉ុបអត់មក ក្នុងរដូវ Low យើងមើលឃើញថា Low មែន។ យើងទទួលស្គាល់ថា ប៉ុន្មានខែនេះ ពិតជាខ្សត់ភ្ញៀវមែន»។ ប្រធានសមាគមទេសចរណ៍កម្ពុជា គូសបញ្ជាក់ដូច្នេះ។
Low Season មិនសូវមានទេសចរមកកម្សាន្ត ប៉ុន្តែហេតុអ្វីប្រទេសជិតខាង ទទួលបានភ្ញៀវច្រើនជាងកម្ពុជា? ត្រង់ចំណុចនេះ លោកស្រី ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ពន្យល់ថា៖ «ប្រទេសជិតខាងបានចេញគោលនយោបាយជាច្រើន ដើម្បីទាក់ទាញទេសចរ។ យើងអាចថាគេជាប្រទេសអ្នកមាន បោះលុយច្រើនទៅលើការផ្សព្វផ្សាយ និងលើការលើកលែងទិដ្ឋាការ ក៏ដូចជាការលើកទឹកចិត្តផ្សេងៗទៀតដល់អ្នកផ្ដល់សេវាកម្មដល់ភ្ញៀវ»។
គោលនយោបាយទាក់ទាញទេសចរ និងការលើកលែងទិដ្ឋាការពិតជាអាចស្រូបចរន្តទេសចរឱ្យទៅកម្សាន្តច្រើនជាងកម្ពុជា។ ក្នុងបរិបទនេះ លោកស្រី ឆាយ ស៊ីវលីន មើលឃើញថា ភ្ញៀវទេសចរតែងតែសន្សំលុយ និងកាត់បន្ថយចំណាយនៅពេលធ្វើដំណើរកម្សាន្ត។
ប្រធានសមាគមរូបនេះ បន្តថា បច្ចុប្បន្ននេះ មុននឹងដើរកម្សាន្តនៅប្រទេសណាមួយ ភ្ញៀវទេសចរភាគច្រើន តែងតែវិភាគថា ប្រទេសណា ដែលមានគោលនយោបាយល្អជាង និងមិនសាំញ៉ាំច្រើន។ លោកស្រី បន្ថែមថា៖«ដូច្នេះហើយទោះបីនៅក្នុង Low Season ក៏ប្រទេសគេនៅតែទទួលបានភ្ញៀវច្រើន»។
ស្ថិតក្នុងរដូវ Low Seasonនេះ លោកស្រី ឆាយ ស៊ីវលីន សង្កេតឃើញថា ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ បានជួបបញ្ហាប្រឈមជាច្រើន។ លើសពីនេះ ប្រសិនប្រតិបត្តិករទាំងនោះ បន្តជួបបញ្ហាម្ដងហើ យម្ដងទៀត នោះនឹងពិបាកស្រោចស្រង់ឡើងវិញ រួមទាំងប៉ះពាល់ដល់ផលិតផលទេសចរណ៍។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ឆាយ ស៊ីវលីន ចង់ឱ្យរដ្ឋាភិបាល ចេញយន្តការណាមួយ ដើម្បីជួយដល់វិស័យទេសចរណ៍ ក្នុងរដូវ Low Season។ អ្វីដែលប្រធានសមាគមCATAរូបនេះ ចង់បាន គឺការលើកលែងទិដ្ឋាការ និងចែកបណ្ណចូលទស្សនារមណីយដ្ឋានអង្គរដោយឥតគិតថ្លៃ នៅរដូវ Low Seasonនេះ។
ការស្នើសុំទិដ្ឋាការនេះ លោកស្រី ឆាយ ស៊ីវលីន អះអាងថា សមាគមទេសចរណ៍កម្ពុជា តែងតែលើកឡើងម្ដងហើយម្ដងទៀត តាំងពីកម្ពុជារងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩មកម៉្លេះ។ ចំពោះការស្នើសុំនេះ លោកស្រី ឆាយ ស៊ីវលីន មិនដឹងថាដ្ឋាភិបាលយកទៅសិក្សាបន្តឬយ៉ាងណានោះទេ ប៉ុន្តែក្នុងនាមជាវិស័យឯកជន បានត្រឹមស្នើសុំតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្ដីសម្រេចស្ដីពីការកំណត់សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ សមាសភាពក្រុមប្រឹក្សាភិបាលនេះ មានការចូលរួមពីវិស័យសាធារណៈ និងវិស័យឯកជន សរុបចំនួន ១៥នាក់ផងដែរ៕
-
ដោយ៖ ញឹក ស្រីល័ក្ខ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

