«ជ័រទឹក» ជាឆ្នាំងបាយចិញ្ចឹមជីវិតរបស់ពលរដ្ឋនៅក្បែរតំបន់ព្រៃឡង់

10/07/2024 9:49 am ស្ទឹងត្រែង

ស្ទឹងត្រែង៖ ក្រៅពីធ្វើស្រែ ចម្ការ អ្នកភូមិដូង នៃស្រុកថាឡាបរិវ៉ាត់ ដែលនៅតំបន់ដាច់ស្រយាលជិតព្រៃឡង់ បាននាំគ្នាចូលព្រៃដងជ័រទឹក លក់ឱ្យឈ្មួញក្នុងភូមិ។ នេះជារបរតជំនាន់របស់អ្នកភូមិដូង ដែលផ្ដល់ថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ ជ័រទឹកដែលយកចេញពីដើមឈើទាល និងដើមត្រាច ត្រូវបានកែច្នៃធ្វើជា ចន្លុះដុតបំភ្លឺលំនៅដ្ឋាន ឬស្លលាបបិតទូកជាដើម។




នារដូវនេះ ប្រជាពលរដ្ឋនៅភូមិដូង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង តែងប្រវាស់ដៃគ្នាដាំស្រូវ ដំឡូង ទៅវិញទៅមក។ ឯខ្លះទៀតស៊ីឈ្នួលដកដំឡូង ដើម្បីបានកម្រៃសម្រាប់គ្រួសាររៀងៗខ្លួន។ ពលរដ្ឋនៅតំបន់ដាច់ស្រយាលនេះ ក៏បានឆ្លៀតពេលដងជ័រទឹក បន្ទាប់ពីធ្វើស្រែចម្ការផងដែរ។

របរដងជ័រទឹក បានជួយផ្គត់ផ្គង់ជីវភាព និងការសិក្សារបស់កូនៗប្រចាំថ្ងៃ។ លើសពីនេះ កម្រៃដែលរកបានពីការដងជ័រទឹកបូកផ្សំ និងចំណូលផ្សេងៗ ត្រូវបានពលរដ្ឋសន្សំ ដើម្បីធ្វើផ្ទះ និងទិញសម្ភារប្រើប្រាស់ផ្សេងៗ។ 
 
លោក លន់ ឆេង រស់នៅភូមិដូង បាននិយាយថា ជ័រទឹកមានអត្ថប្រយោជន៍ច្រើន ព្រោះវាជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងទិញសម្ភារប្រើប្រាស់ផ្សេងៗ។ ប្រភេទដើមឈើ ដែលអាចយកជ័រទឹកបាន មានដើមឈើទាល និងដើមត្រាច។ សព្វថ្ងៃ លោក ឆេង ដងតែដើមឈើទាលប៉ុណ្ណោះ ព្រោះនៅជិតផ្ទះមិនសូវមានដើមត្រាច។




មុននឹងដងជ័រ លោក ឆេង និងប្អូនៗ ត្រូវរកទីតាំងណាដែលមានដើមឈើទាលច្រើន និងធំៗ។ បុរសសក់រួញអង្គាដីរូបនេះ ត្រូវប្រើពេលពី ១៥ទៅ២០ថ្ងៃ ដើម្បីត្រាយគន្លងសម្រាប់ដើរ ចោះច្បោះ និងធ្វើជំរំសម្រាប់សម្រាកពេលយប់។ បើតាមបុរសវ័យ៣៥ឆ្នាំរូបនេះ នៅរដូវប្រាំង ការធ្វើដំណើរមិនមានការលំបាកនោះទេ ប៉ុន្តែរដូវវស្សា ត្រូវចំណាយពេល៦ម៉ោង ឬលើសពីនេះ ទើបដល់ទីតាំងដងជ័រ ដែលមានឈ្មោះថា «អូរវៀន»។
 
ចំណែកឯសម្ភារសម្រាប់ដងជ័រវិញ មានដងរែក កាន វែក និងដែកកេះ។ ដើម្បីទទួលបានជ័រទឹក បុរសសម្បុរស្រអែមរូបនេះ ត្រូវប្រើពេល ៣ថ្ងៃ។ ក្នុងរយៈពេល៣ថ្ងៃនេះ លោក ឆេង ទទួលបានជ័រទឹកចំនួន ១០កាន ដែលក្នុងមួយកាន មានចំណុះ៣០លីត្រ។ ជាមួយគ្នានេះ ក្នុងមួយកាន លោក អាចលក់បានតម្លៃ ៤៥០០០រៀល ដោយក្នុងមួយខែ អាចដងបានតែ២ ឬ៣ដងប៉ុណ្ណោះ។


                                                  លោក លន់ ឆេង អ្នកដងជ័រទឹក

សព្វថ្ងៃ តម្លៃជ័រទឹក មិនសមនឹងកម្លាំងពលកម្មដែលលោក លន់ ឆេង បានខិតខំនោះទេ បើធៀបនឹងពីមុនតម្លៃជ័រទឹកក្នុងមួយកាន មានតម្លៃពី៩ទៅ១០ម៉ឺនរៀល។ លោក ឆេង បានបង្ហាញការព្រួយបារម្ភខ្លាចឈ្មួញឈប់ទិញជ័រ ព្រោះវាជាឆ្នាំងបាយ បន្ទាប់ពីធ្វើស្រែ ចម្ការ។ អ្នកដងជ័រទឹករូបនេះ បន្ថែមថា កាលលោកនៅក្មេងមិនទាន់មានភ្លើងអគ្គិសនីប្រើ គ្រួសារលោកក៏ដូចជាអ្នកភូមិ បានយកជ័រទឹក មកច្នៃធ្វើជាចន្លុះសម្រាប់បំភ្លឺក្នុងផ្ទះ ឬសម្រាប់បំភ្លឺពេលធ្វើដំណើរទៅផ្ទះអ្នកជិតខាង។

«ខ្ញុំដងជ័រទឹករយៈពេល១៥ឆ្នាំហើយ វាជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ខ្ញុំ និងបានជួយឱ្យខ្ញុំទិញសម្ភារប្រើប្រាស់ផ្សេងៗ។ ឧបសគ្គដែលខ្ញុំ ជួបប្រទះក្នុងការធ្វើដំណើរ គឺនារដូវវស្សា ពិបាកឆ្លងទឹក ផ្លូវមានភក់ជ្រៅ ទម្រាំដល់ទីតាំង។ ទោះជាជ័រទឹកមានតម្លៃថោកជាងមុនក៏ខ្ញុំបន្តដង»។ នេះជាការរៀបរាប់របស់លោក លន់ ឆេង ដោយបន្តសំណូមពរឱ្យរាជរដ្ឋាភិបាល ជួយរកទីផ្សារ និងបង្កើនតម្លៃជ័រទឹកនេះ។

 
ដោយឡែកលោក ស៊ុំ ខ្លី រស់នៅភូមិដូង ក៏ជាអ្នកដងជ័រទឹក ដូចលោក លន់ ឆេង ដែរ។ រយៈពេល១០ឆ្នាំមកហើយ ដែលលោក លោក ស៊ុំ ខ្លី ដងជ័រទឹក។ ដើម្បីរកជ័រទឹកបាន លោក ខ្លី ក៏ស្វែងរកទីតាំងមានដើមឈើទាល និងចាប់ផ្តើមនាំគ្នាចោះ ដូចលោក លន់ ឆេង ដែរ ប៉ុន្តែនៅទីតាំងខុសគ្នា។
ដើម្បីបានជ័រទឹក បុរសមាឌតូចរូបនេះ ចំណាយពេល៧ថ្ងៃ ដោយទទួលបានជ័រទឹកចំនួន ៣០កាន។ បុរសសម្បុរខ្មៅស្រអែមរូបនេះ បានបន្តថា៖ «ជ័រទឹក បានផ្តល់ថវិកាជួយដល់ការចាយវាយរាល់ថ្ងៃសម្រាប់គ្រួសារខ្ញុំ និងទិញសម្ភារប្រើប្រាស់ផ្សេងៗដែលត្រូវការ»។


                                               លោក ស៊ុំ ខ្លី អ្នក​ដង​ជ័រទឹក

ចំណែកលោក ធៀម ខេត ជាកសិករធ្វើស្រែចម្ការ និងទិញជ័រទឹក បានឱ្យដឹងថា ពលរដ្ឋក្នុងភូមិនេះ ៨០ភាគរយដែលដងជ័រទឹក។ អ្នកទិញជ័រទឹករូបនេះ បន្តថា ជារៀងរាល់ឆ្នាំជ័រទឹកខែវស្សាមានតម្លៃថ្លៃជាងរដូវប្រាំង ព្រោះពិបាកធ្វើដំណើរ និងដងជ័រមិនសូវបានដោយសារភ្លៀង។ ក្នុងមួយខែ លោក ខេត ទិញជ័រទឹកបាន៨០កានពីអ្នកភូមិ និងលក់បន្តឱ្យឈ្មួញនៅខេត្តស្ទឹងត្រែង។


                            លោក ធៀម ខេត ជាកសិករធ្វើស្រែចម្ការ និងទិញជ័រទឹក

«ខ្ញុំទិញជ័រទឹក១៥ឆ្នាំហើយ ក្នុងភូមិដូងនេះ។ ជ័រខាប់មាន៦០ភាគរយ ឯជ័ររាវមាន២០ភាគរយប៉ុណ្ណោះ។ ចំពោះតម្លៃបច្ចុប្បន្ន ជ័រខាប់តម្លៃ៤៥០០០រៀល និងជ័រត្រាចតម្លៃ៦៥០០០រៀល ក្នុងមួយកាន។ ក្នុងមួយខែខ្ញុំទិញបានប្រហែល៨០កាន។ ជ័រទឹកវាជួយបានច្រើន ទាំងអ្នកទិញនិងអ្នកដង»។ លោក ធៀម ខេត គូសបញ្ជាក់ដូច្នេះ៕

ព័ត៌មានទាក់ទង