កសិករ​ស្រូវ​ត្រយង ខេត្ដព្រះវិហារ ផលិតជីកំប៉ុសធម្មជាតិបាន៣០តោន

09/07/2024 9:44 am ភ្នំពេញ

កសិករស្រូវត្រយងមកពីភូមិចំនួន៣ នៃខេត្តព្រះវិហារ ទទួលបានជោគជ័យលើការផលិតជីកំប៉ុសធម្មជាតិជាលើកទី២ ក្នុងទំហំជិត៣០តោន ក្រោមជំនួយពីមូលនិធិ Critical Ecosystem Partnership Fund  (CEPF) និងអនុវត្តគម្រោងដោយអង្គការសន្សំម្លប់ព្រៃ។



ការផលិតជីកំប៉ុសធម្មជាតិនេះ ត្រូវចំណាយពេលប្រមាណ៣ខែ។ ចំពោះផលិតផលសម្រេច ត្រូវបានចែកទៅកាន់កសិករជាសមាជិកស្រូវត្រយង២០គ្រួសារ ដែលមកពីភូមិដងផ្លិត, ត្មាតប៉ើយ និងព្រៃវែង ស្ថិតនៅក្នុងស្រុកឆែប ស្រុកជាំក្សាន្ដ និងស្រុកគូលែន ខេត្តព្រៃវិហារ សម្រាប់ប្រើប្រាស់លើដំណាំស្រូវ និងដាក់នៅក្នុងដំណាំបន្ទាប់បន្សំផ្សេងៗ។
 
ជីកំប៉ុស ត្រូវបានប្រើដើម្បីពង្រឹងគុណភាពដីដោយវាផ្តល់នូវសំណើម អតិសុខុមប្រាណ និងអាសូត ជួយទប់ស្កាត់មិនឱ្យដំណាំមានជំងឺ ឬសត្វល្អិត និងជួយបង្កើននូវទិន្នផលស្រូវ។ វត្ថុធាតុដើមសម្រាប់ផលិតជីធម្មជាតិនេះ ដូចជា អង្ករ អាល់កុល ស្ករត្នោត កន្ទក់ លាមកគោស្ងួត រុក្ខជាតិបៃតង ស្មៅ អង្កាម និងទឹក។



គោលបំណងនៃការគាំទ្រកសិករឱ្យផលិតជីកំប៉ុសនៅពេលនេះ គឺដើម្បីឱ្យពួកគេអាចបង្កើនចំណេះដឹង និងមានជំនាញក្នុងផលិតជីកំប៉ុសតាមធម្មជាតិ ហើយអាចប្រើប្រាស់សម្រាប់រដូវកាលដាំដុះថ្មី និងជួយកាត់បន្ថយការចំណាយទៅលើការទិញជីសរីរាង្គពីប្រភពខាងក្រៅ។ ទន្ទឹមនឹង​នេះ ការប្រើប្រាស់ជីធម្មជាតិនេះអាចជួយឱ្យស្រូវមានគុណភាពល្អ ទិន្នផលកើនឡើង និងមានតម្លៃខ្ពស់លើទីផ្សារ ដែលជាការរួមចំណែកលើកស្ទួយនូវជីវភាពគ្រួសាររបស់កសិករជាសមាជិកស្រូវត្រយង។ មិនតែប៉ុណ្ណោះ ដើម្បីកសិករជាសមាជិក ក៏ជៀសឆ្ងាយពីការប្រើប្រាស់ជីគីមី ដែលខុសពីគោលការណ៍អភិរក្ស និងបទដ្ឋានសរីរាង្គដែរ។
 
គួរបញ្ចាក់ថា កាលពីឆ្នាំ២០២៣ កសិករសមាជិកស្រូវត្រយង ក៏ទទួលបានជោគជ័យលើការផលិតជីកំប៉ុសបានជាង ២១តោន រួចហើយផងដែរ។ ដោយឡែក សម្រាប់ឆ្នាំក្រោយៗ អង្គការសន្សំម្លប់ព្រៃ ជឿថា កសិករជាសមាជិកស្រូវត្រយងមានលិទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតជីកំប៉ុសធម្មជាតិបានលើសពីនេះទៀត៕

ព័ត៌មានទាក់ទង