
ភ្នំពេញ៖ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បានអនុវត្តនៅតាមសាលារៀនគោលដៅចំនួន ៥៥៣ កន្លែង ក្នុងខេត្តចំនួន ១០។ កម្មវិធីនេះ មានគោលដៅលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងងាយរងគ្រោះខ្ពស់។
កម្មវិធីផ្តល់អាហារតាមសាលារៀន បានចាប់ផ្តើមអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមហិរញ្ញប្បទានជំនួយដៃគូអភិវឌ្ឍន៍ ចាប់តាំងពីឆ្នាំ១៩៩៩ មក។ ឈានដល់ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានកែប្រែកម្មវិធីផ្តល់អាហារតាមសាលារៀននេះ ឱ្យក្លាយជាកម្មវិធីថ្នាក់ជាតិពេញលេញ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម។
កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍នេះ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងងាយរងគ្រោះខ្ពស់។ កម្មវិធីនេះ ក៏នឹងចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, បញ្ចប់ការសិក្សា, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា រួមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។
នាពេលបច្ចុប្បន្ននេះ ការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ កំពុងអនុវត្តនៅតាមសាលារៀនគោលដៅចំនួន ៥៥៣សាលា នៅក្នុងខេត្តចំនួន ១០។ ខេត្តទាំង១០នោះ រួមមាន ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ដែលមានសិស្សទទួលផលចំនួន ១៥៣ ៥៨៦នាក់។
សិស្សានុសិស្សនៃសាលាបឋមសិក្សាល្វា ស្រុកប្រាសាទបាគង កំពុងទទួលទានអាហារពេលព្រឹក។
បើតាមរបាយការណ៍របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅត្រីមាសទី១ ឆ្នាំសិក្សា២០២៣-២០២៤ រដ្ឋបានចំណាយថវិកាចំនួន ៦ ៦៣១ ៦១១ ៤៤២ រៀល នៃថវិកាវិភាជសរុបសម្រាប់កម្មវិធីចំនួន ២២ ២៤៧ ២២៨ ០០០ រៀល ស្មើនឹង ៥ ៥៦១ ៨០៧ដុល្លារ។
សិស្សានុសិស្សនៃសាលាបឋមសិក្សាល្វា ស្រុកប្រាសាទបាគង កំពុងទទួលទានអាហារពេលព្រឹក។
គួរជម្រាបថា រដ្ឋាភិបាល បានប្រគល់ឱ្យក្រសួងអប់រំ យុវជន និងកីឡា ជាដឹកនាំ និងគ្រប់គ្រងការអនុវត្តកម្មវិធីនេះ។ ជាមួយគ្នានេះ ដើម្បីឱ្យកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ប្រព្រឹត្តទៅដោយជោគជ័យ រដ្ឋាភិបាល ក៏បានបែងចែកភារកិច្ចទៅកាន់ក្រុមប្រឹក្សាជាតិគាំពារសង្គម, ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម, ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម, ក្រសួងផែនការ, ក្រសួងសង្គមកិច្ច, ក្រសួងកិច្ចការនារី និងរដ្ឋបាលក្រុង ស្រុក ដើម្បីសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា៕
ចុងភៅ ដែលចម្អិនអាហារដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាល្វា ស្រុកប្រាសាទបាគង។
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

