
ដំណាំប្រហែល ២៣ ០០០ហិកតា ក្នុងខេត្តចំនួន១៥ បានរងផលប៉ះពាល់ពីការផ្ទុះឡើងនៃវត្តមាន«ដង្កូវហ្វូង»។ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់មកកាន់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៧ មិថុនានេះថា ដំណាំដែលរងផលប៉ះពាល់ពីសមាសភាពចង្រៃនេះ ភាគច្រើនប្រហែលអាចស្ដារឡើងវិញបាន និងមិនបង្កឧបសគ្គដល់ការផលិត និងនាំចេញអង្ករកម្ពុជានោះទេ។
លោក ឃឹម ហ្វីណង់ បានប្រាប់ថា ទំហំផលប៉ះពាល់ចំពោះដំណាំនៅពេលនេះ មានត្រឹម១ទៅ២ភាគរយប៉ុណ្ណោះ នៃផ្ទៃដីដាំដុះសរុបរបស់កម្ពុជា ហើយភាគច្រើនប្រហែលអាចស្តារឡើងវិញបាន ព្រោះថាក្រសួងកសិកម្ម បានអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងទាន់ពេលវេលា។ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ មិនចាត់ទុកថា ដង្កូវហ្វូងជាឧបសគ្គរាំងស្ទះដល់ការផលិត និងនាំចេញអង្ករកម្ពុជានោះទេ។
មកទល់ពេលនេះ មានដំណាំប្រហែល ២៣ ០០០ហិកតា បានរងផលប៉ះពាល់ដោយសារ «ដង្កូវហ្វូង» ក្នុងនោះមានស្រូវ ១៥ ០០០ហិកតា និងដំណាំឧស្សាហកម្មដូចជាពោត និងដំឡូងមីប្រហែល ៨ ០០០ហិកតា។ នេះបើតាមការវាយតម្លៃបឋមរបស់ក្រសួងកសិកម្ម។
លោក ឃឹម ហ្វីណង់ ប្រាប់ដូច្នេះថា៖«ទំហំ២៣ ០០០ហិកតានេះ ជាចំនួនរងផលប៉ះពាល់ មិនមែនជាទំហំខូចខាតនោះទេ។ ហើយប្រហែលជាអាចស្តារឡើងវិញបានភាគច្រើន ព្រោះយើងបានអន្តរាគមន៍ទាន់ពេលវេលា និងដំណាំភាគច្រើន ទើបស្ថិតក្នុងដំណាក់កាលអាចលូតលាស់ឡើងវិញបាន ក្រោយដង្កូវហ្វូងត្រូវបានកម្ចាត់ ជាពិសេសប្រសិនបើមានភ្លៀងធ្លាក់គ្រប់គ្រាន់»។
«ដង្កូវហ្វូង»កើតឡើងដោយសារការប្រែប្រួលអាកាសធាតុ ដែលបានធ្វើឱ្យថយចុះចំនួនសត្វមានប្រយោជន៍ និងផ្ទុះសត្វបំផ្លាញចង្រៃទាំងនេះ។ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតរបស់«ដង្កូវហ្វូង» នៅឆ្នាំបន្តបន្ទាប់ទៀត ក្រសួងកសិកម្ម នឹងបន្តតាមដាន និងផ្តល់ព័ត៌មានដល់កសិករឱ្យបានលឿនជាងមុនតាមរយៈមន្ត្រីកសិកម្មឃុំ។
លោក ឃឹម ហ្វីណង់ ប្រាប់បែបនេះថា៖«បញ្ហាប្រែប្រួលអាកាសធាតុ អាចនឹងបន្តកើតមាន ប៉ុន្តែដោយសារការផ្សព្វផ្សាយបានទូលំទូលាយក្នុងឆ្នាំនេះ ជឿជាក់ថា កសិករភាគច្រើន នឹងមានប្រុង ប្រយ័ត្នទុកជាមុននៅឆ្នាំក្រោយៗ ហើយក្រសួងក៏នឹងបន្តតាមដាន និងផ្តល់ព័ត៌មានបែប បុរេសកម្មជូនដល់កសិករយើង ឱ្យបានលឿនជាងមុនផងដែរ ជាពិសេសតាមរយៈ មន្ត្រី កសិកម្មឃុំរបស់យើង ដែលមានវត្តមាននៅជិតកសិករយើងស្រាប់»៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

