ចង្កៀងថ្មស្អុយ និងចង្កៀងប្រេងកាត មិនសូវមានក្នុងគេហដ្ឋានពលរដ្ឋខ្មែរ!

កំពង់ចាម៖ ការប្រើប្រាស់ចង្កៀងដើម្បីអ៊ុចបំភ្លឺក្នុងផ្ទះនៅពេលយប់ ទំនងលែងមានទៀតហើយនៅកម្ពុជា។ ជំនួសភ្លើងចង្កៀង តាមខ្នងផ្ទះពលរដ្ឋបច្ចុប្បន្ន គេប្រើអំពូលភ្លើងអគ្គិសនី ឬអំពូលសឡា។ ផ្ទះអ្នកស្រី ទា ស៊ិហ្គី ដែលស្ថិតនៅក្បែរទន្លេមេគង្គ ក្នុងភូមិព្រែកតានង់២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ក៏លែងប្រើចង្កៀងយូរឆ្នាំមកហើយដែរ។ ប៉ុន្តែគាត់នៅតែបន្តទុកចង្កៀងបុរាណ២គ្រឿងនៅឡើយ គឺចង្កៀងថ្មស្អុយ និងចង្កៀងប្រេងកាត។ ចង្កៀងទាំងនោះមានសភាពចាស់ណាស់។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាស រវាងនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងអ្នកស្រី ទា ស៊ិហ្គី ដូចតទៅ៖
បើតាម អ្នកស្រី ទា ស៊ិហ្គី ចង្កៀងថ្មស្អុយ (ហ្គាស) ទំនងមានចំណាស់ប្រហែល៧០ឆ្នាំ ដូចវ័យរបស់គាត់ដែរ។ រីឯចង្កៀងប្រេងកាតវិញ គាត់អះអាងថា នៅពេលដែលគាត់រៀបការ ចង្កៀងនេះមានហើយ ក្នុងផ្ទះខាងស្វាមី។
ស្ត្រីដដែល ឱ្យដឹងទៀតថា ចង្កៀងថ្មស្អុយ គឺឪពុកក្មេករបស់អ្នកស្រី ស៊ិហ្គី ដែលមានបន្ទុកទិញថ្មស្អុយ។ ឪពុកក្មេករបស់អ្នកស្រី ក៏មានទម្លាប់ទិញប្រេងដាក់ចង្កៀងប្រេងកាតបន្ថែម កាលពីគាត់នៅរស់។ ម្យ៉ាងទៀត អ្នកស្រី ស៊ិហ្គី ក៏រំឭកអំពីចង្កៀង ម៉ាំងសុង ដែលកាលពីមុនគេព្យួរកំដរសាកសពអ្នកភូមិ ដែលទើបតែស្លាប់។ គឺជាប្រភេទចង្កៀងប្រេងកាតធំ ដែលមានថាសពីលើ ដើម្បីពន្លឺចុះទៅក្រោមវិញ។
ចង្កៀងថ្មស្អុយនោះ វាធ្វើអំពីដែក។ វាមានទទឹងប្រហែល១៥សង់ទីម៉ែត្រ។ វាមានរាងដូចកំប៉ុងមូលមួយ។
ភ្លើងវាចេញពីលើ ខាងចំហៀង។ មានបង្កាន់ដៃខាងលើ ដើម្បីព្យួរវា។ចង្កៀងប្រេងកាតនោះវិញ វាតូចជាង។ វាមានកម្ពស់ប្រហែល១៥សង់ទីម៉ែត្រ។ ផ្នែកខាងក្រោម គឺជាកែវមួយ ដើម្បីដាក់ប្រេង។ ផ្នែកខាងលើវិញ វាធ្វើអំពីដែក ពីព្រោះភ្លើងចេញតាមនេះ។ អ្នកស្រី ទា ស៊ិហ្គី និយាយថា គាត់ឃើញចង្កៀងនេះ តាំងពីការទៅនៅផ្ទះខាងស្វាមី។ តាមពិត ដើមទស្សវត្សឆ្នាំ១៩៧០ ទោះបីជាអ្នកខ្លះនៅបន្តប្រើ គេលែងផលិតចង្កៀងប្រភេទនេះតាំងពីយូរមកហើយ។ គេបានផលិតចង្កៀងខ្នាតតូចដូចនេះ រយៈពេលច្រើនទសវត្សរ៍ ហេតុនេះពិបាកដឹងថា វាមានអាយុកាលប៉ុន្មានឆ្នាំ។ យ៉ាងណាក៏ដោយ វាអាំចមានអាយុកាលជិត១០០ឆ្នាំហើយ។

ចង្កៀងប្រេងកាតរបស់អ្នកស្រី ស៊ិហ្គី ត្រូវដាក់ប្រេង ក្នុងធុងកែវខាងក្រោម ហើយបញ្ឆេះខ្សែខាងផ្នែកដែកលើ។ រួចរាល់គួរដាក់កែវទិបពីលើសម្រាប់សុវត្ថិភាព ក៏ប៉ុន្តែវាបាត់បង់ហើយ។ គឺលោក LUKASIEWICZ Ignacy ដែលបានបង្កើតចង្កៀងប្រេងកាត នៅអំឡុងឆ្នាំ១៨៥៣។ លោកប្រកបមុខរបរគ្រូឱសថ នៅប្រទេសប៉ូឡូញ។ សូមបញ្ជាក់ថា ប្រភេទប្រេងកាតនេះ គេលែងប្រើសម្រាប់ចង្កៀងហើយ គេប្រើសម្រាប់យន្ដហោះវិញ !
ចង្កៀងប្រេងកាតខា្នតតូចរបស់អ្នកស្រី ស៊ិហ្គី អាចផ្លាស់ទីយ៉ាងងាយៗបាន តែជាប្រភេទប្រើខាងក្នុង។ បច្ចេកទេសរបស់វាសាមញ្ញ ប៉ុន្តែមានម៉ូលែតមួយ ដើម្បីសេរ៉េឱ្យភ្លឺខ្លាំង ឬភ្លឺតិច។ មានប្រភេទមួយទៀត ដែលគេធ្វើដើម្បីប្រើខាងក្រៅ។ ទោះបីជាភ្លៀង ទោះបីជាខ្យល់ ក៏វាមិនរលត់ទេ។ គេហៅថាម៉ាំងសុង។ គេប្រើអគ្គិសនីតាំងពីចុងសតវត្សទី១៩។ យូរៗទៅក្នុងសតវត្សទី២០ គេនិយមប្រើភ្លើងអគ្គិសនី ច្រើនជាងភ្លើងចង្កៀង។ យ៉ាងណាក៏ដោយ រហូតដល់សម័យបច្ចុប្បន្ន មានរោងចក្រខ្លះដែលនៅតែផលិតចង្កៀងប្រភេទនេះប្រើនៅក្រៅនៅឡើយ ! ក៏ប៉ុន្តែវាពិបាកឃើញ ដោយសារផលិតចំនួនតិច ព្រោះអ្នកប្រើមានតិចណាស់។ មានតែមនុស្សនៅកន្លែងគ្មានអគ្គិសនីរយៈពេលយូរ ដែលប្រើចង្កៀងសម័យឥឡូវនេះ៕
-
ដោយ៖ នាយ យ៉ាន តាមដងផ្លូវ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

