សៀមរាប៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានបំណងអភិវឌ្ឍន៍ និងកែលម្អភ្នំគូលែន ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិកាន់តែមានសោភ័ណភាពទាក់ទាញ ស្របនឹងគោលនយោបាយទស្សនាសៀមរាបឆ្នាំ២០២៤។
បំណងនេះស្តែងឡើងតាមរយៈទស្សនកិច្ចរបស់លោក សុខ សូកេន និងមន្ត្រីពាក់ព័ន្ធ ទៅកាន់ទីតាំងសំខាន់ៗដូចជា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំគូលែន, តំបន់ទឹកជ្រោះ ទីតាំងព្រះអង្គធំ និងទីតាំងលិង្គមួយពាន់ នៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ។
លោក សុខ សូកេន បានបញ្ជាក់ថា គោលបំណងសំខាន់នៃទស្សនកិច្ចរបស់ខ្លួននៅលើភ្នំគូលែន គឺដើម្បីពិនិត្យ និងសិក្សាមើលស្ថានភាពទូទៅ ព្រមទាំងរិះគន់មធ្យោបាយកែលម្អមួយចំនួន ដើម្បីប្រែក្លាយទីតាំងទេសចរណ៍សំខាន់ៗនៅលើភ្នំ កាន់តែមានសណ្ដាប់ធ្នាប់ អនាម័យ និងក្លាយតែទាក់ទាញ។
ក្រៅពីភ្នំគូលែន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានជួបសំណេះសំណាលជាមួយប្រជាសហគមន៍ទេសចរណ៍បឹងឈូក ក្នុងស្រុកបន្ទាយស្រី និងបានរំឭកឱ្យសហគមន៍ពង្រឹងសេវាកម្ម និងកែលម្អចំណុចអវិជ្ជមានខ្លះ ដើម្បីពង្រឹងភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។
បើតាម លោក សូកេន បច្ចុប្បន្ន ក្រសួងទេសចរណ៍ កំពុងធ្វើការងារមួយចំនួន ដែលលោករដ្ឋមន្រ្តីហៅថា រៀបចំផ្ទះឱ្យបានល្អ និងផ្សព្វផ្សាយទៅកាន់គោលដៅនានា ក្នុងន័យទាក់ទាញទេសចរឱ្យមកកម្សាន្តកម្ពុជា។ លោក សូកេន ក៏រំពឹងថា ជើងហោះហើរត្រង់ពីកម្ពុជា-ឥណ្ឌា ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែមិថុនានេះ នឹងធ្វើឱ្យកម្ពុជាមានកំណើនទេសចរដ៏ល្អឡើងវិញជាមិនខាន៕
-
© រក្សាសិទ្ធិដោយ thmeythmey25.com