ប្រព័ន្ធរំដោះទឹកជំនន់ចេញពីក្រុងភ្នំពេញ សាងសង់បាន៧០ភាគរយហើយ

10/06/2024 8:56 am ភ្នំពេញ

ការសាងសង់ទ្វារទឹក និងការស្ដារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទៅដល់ភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្រេចបាន៧០ភាគរយហើយ ដែលមានលទ្ធភាពរំដោះទឹកពីស្ទឹងព្រែកត្នោតបានប្រមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទី។



នេះបើតាមបញ្ជាក់របស់ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទ្វារទឹក និងស្ថានីយបូមទឹកនៃគម្រោងដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ក្នុងខេត្តកំពង់ស្ពឺ និងការងារស្តារប្រឡាយព្រែកហូរ ខេត្តកណ្តាល នៅថ្ងៃទី៨ ខែមិថុនា។ 
  


ក្នុងកិច្ចប្រជុំការងារស្ដីពីការរំដោះទឹកជំនន់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកញ្ញា លោក ចាន់ ស៊ីណាត បានលើកឡើងថា សម្រាប់អាណត្តិថ្មីនេះ ក្រសួងធនធានទឹកបានរៀបចំផែនការយ៉ាងម៉ឺងម៉ាត់ ក្នុងការរំដោះទឹកចេញពីក្រុងភ្នំពេញ តាមរយៈប្រឡាយ ព្រែក អូរ ស្ទឹង និងទន្លេ នានា ដែលធានាយ៉ាងណាកុំឱ្យមានការលិចលង់គ្រប់រដូវវស្សា។
 
ក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន ម៉ាណែត កម្ពុជានឹងឈានទៅអនុវត្តផែនការការងាររយៈពេលមធ្យម ដោយធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធដោះទឹកទាំងឡាយ ដើម្បីធ្វើឱ្យធូរស្រាលនូវជំនន់ ក្នុងក្រុងភ្នំពេញ និងទីក្រុងរណប។ នេះជាការបញ្ជាក់របស់ លោក ចាន់ ស៊ីណាត ដោយបន្ថែមដូច្នេះថា៖«ក្រសួងធនធានទឹក នឹងសហការជាមួយក្រសួងសេដ្ឋកិច្ច និងបណ្តាដៃគូអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បីធ្វើយ៉ាងធានាដោះស្រាយចំពោះមុខមិនឱ្យរាជធានីភ្នំពេញទទួលរងនូវគ្រោះហានិភ័យដោយសារទឹកជំនន់ គ្រប់រដូវវស្សា នៅក្នុងអាណត្តិទី៧នេះ»៕ 
 
 

ព័ត៌មានទាក់ទង