កម្ពុជាបានចំណូលជិត១ពាន់លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ រយៈពេល៥ខែ

09/06/2024 10:00 am ភ្នំពេញ

កម្ពុជាទទួលបានចំណូលជិត១ពាន់លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) នៅថ្ងៃទី៦ ខែមិថុនា។



ចាប់ពីខែមករា ដល់ឧសភា កម្ពុជាបាននាំចេញអង្ករជាង៣០០ពាន់តោន ទៅកាន់៦៣ប្រទេស ដែលគិតជាទឹកប្រាក់ចំនួន ២១៩, ៩១លានដុល្លារ។ ក្នុងពេលដដែលនេះ កម្ពុជាក៏បាននាំចេញស្រូវទៅប្រទេសជិតខាងចំនួន ២ ៤៧៣ ២១២ តោន ឬស្មើ ៧១០,២៣លានដុល្លារដែរ។ សរុបទឹកប្រាក់ដែលទទួលបានពី​ការនាំចេញផលិតផលទាំងពីរនេះ មានប្រមាណ ៩៣០,១៤លានដុល្លារ។
​ 
គោលដៅសំខាន់នៃការនាំចេញអង្កររបស់កម្ពុជាមាន ៦៣​ប្រទេស ក្នុងនោះ ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តបញ្ជាទិញ ៧៣ ៣២០តោន ស្មើនឹង ៤៦,២០លានដុល្លារ , ៧ប្រទេសសមាជិកអាស៊ាន មានចំនួន៦៥ ៤១២ តោន ស្មើ ៤៦,៣៤លានដុល្លារ, ២៦ ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ១៣៦ ៥២៨តោន ស្មើ ១០៤,៤០លានដុល្លារ និង ២៧ ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក មជ្ឈិមបូព៌ាមានចំនួន២៧ ៣៣០ តោន ស្មើនឹង ២២,៩៦លានដុល្លារ។ អង្ករក្រអូបគ្រប់ប្រភេទ គ្រប់ដណ្ដប់ការនាំចេញសរុបរហូតដល់៧១ភាគរយ។ ក្រៅពីនោះ មានអង្ករសធម្មតា អង្ករចំហ៊ុយ និងអង្ករសរីរាង្គ ផងដែរ៕

ព័ត៌មានទាក់ទង