«កាហ្វេស្មុក» ជួយកាត់បន្ថយប្លាស្ទិក និងផ្តល់ចំណូលដល់សិប្បករ

06/06/2024 10:15 am ភ្នំពេញ

ដោយ៖ តុប វណ្ណារ៉ា

ភ្នំពេញ៖ «R Cafe» ឬហៅម្យ៉ាងទៀតថា «កាហ្វេស្មុក»  កំពុងទទួលបានការចាប់អារម្មណ៍ពីអតិថិជន និងអ្នកដំណើរ។ បើធ្វើដំណើរ តាមបណ្តោយមហាវិថីសម្តេចព្រះមុនីរ៉េត ចុះពីស្ពានស្ទឹងមានជ័យប្រហែល ៥០០ម៉ែត្រ លោកអ្នក នឹងឃើញទូឆុងកាហ្វេចល័ត១នៅលើម៉ូតូ ដែលមានអ្នកលក់ពីរនាក់កំពុងមមាញឹកច្រកកែវកាហ្វេដាក់ក្នុងស្មុក ជំនួសដោយការប្រើប្រាស់ថង់ប្លាស្លិក។

 

លោក ឡាយ សេងល័ក្ខ អ្នកឆុងកាហ្វេស្មុក បានលើកឡើងថា កាហ្វេនេះបានបើកលក់រយៈពេលជាង១ខែប៉ុណ្ណោះ ប៉ុន្តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់វ័យ ជាពិសេសអ្នកស្រឡាញ់បរិស្ថាន។ លោក ឡាយ សេងល័ក្ខ ច្នៃបែបនេះ  ដើម្បីចង់កាត់បន្ថយការប្រើប្រាស់ថង់ប្លាស់ស្ទិក និងជួយឱ្យប្រជាពលរដ្ឋមានការងារធ្វើ។

លោក ឡាយ សេងល័ក្ខ បានបន្តថា កាហ្វេ ១កែវតម្លៃ ៤ពាន់រៀល ច្រកស្មុកតម្លៃ ៥ពាន់រៀល ។ ស្មុកទាំងនេះ លោកបានទិញមកពីសិប្បករនៅភូមិព្រះដាក់ ខេត្តសៀមរាប ដោយស្មុកមួយតម្លៃ ១០០០រៀល។ ក្នុង ១ថ្ងៃ លោកអាចលក់កាហ្វេ អស់ចន្លោះពី ៦០ ទៅ៧០កែវ ដោយបើកលក់ពីម៉ោង ៥ កន្លះព្រឹក រហូតដល់ម៉ោង ៦ល្ងាច។ នាពេលព្រឹក ជាពេលដែលលក់កាហ្វេដាច់ជាងគេ ហើយអតិថិជនភាគច្រើនជា បុគ្គលិកធនាគា អាជីករលក់ដូរ និងសិស្សសាលា។ បច្ចុប្បន្ន «Rកាហ្វេ» ឬ«កាហ្វេស្មុក» នេះ មាន ២ទីតាំងគឺ នៅមហាវិថីព្រះមុនីរ៉េត និងនៅម្តុំវិទ្យាល័យ ជា ស៊ីម សាមគ្គី។៕


 

ព័ត៌មានទាក់ទង