កម្ពុជា នឹងរៀបចំពិព័រណ៍ដើមឈើ និងចែកកូនឈើជាង១លានដើមជូនពលរដ្ឋ

ក្រសួងបរិស្ថាន នឹងរៀបចំតាំងពិព័រណ៍ដើមឈើក្រោមមូលបទ«ពន្លកបៃតង» ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ។ នៅក្នុងពិព័រណ៍នេះ នឹងមានការដាក់តាំងបង្ហាញ និងចែកជូនដើមឈើជាច្រើនប្រភេទ សរុបជាង១លានដើមជូនប្រជាពលរដ្ឋយកទៅដាំលើផ្ទៃដីសឹករិចរិល នៅតាមទីសាធារណៈ សាលារៀន វត្តអារាម និងតាមតំបន់ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី២០ ឧសភានេះថា ពិព័រណ៍និងចែកកូនឈើ «ពន្លកបៃតង» គឺព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ រៀបចំឡើងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។
លោករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា ពិព័រណ៍នេះនឹងចូលរួមចំណែក ធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ខណៈដែលកម្ពុជា បានដាក់គោលដៅ និងបេ្តជ្ញាចិត្តយ៉ាមោះមុត ក្នុងការក្លាយជា«ប្រទេសអព្យាក្រិតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

