រយៈពេល១១ខែ ឆ្នាំ២០២៣នេះ កម្ពុជានាំអង្ករទៅកាន់ទីផ្សារអន្តរជាតិបានប្រមាណ៦០ម៉ឺនតោន ទៅកាន់៦០គោលដៅតាមរយៈ៦០ក្រុមហ៊ុននាំចេញ។ តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាចេញនៅថ្ងៃទី៥ធ្នូ កម្ពុជាសម្រេចបានគោលដៅនាំចេញ៨៥ភាគរយនៃផែនការ៧០ម៉ឺនតោនដែលគិតជាទឹកប្រាក់មានជិត៤២១លានដុល្លារអាម៉េរិក។
តាមទិន្នន័យ ដែលបានពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកដ្ឋានគយ និងរដ្ឋាការកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជ សហព័ន្ធស្រូវអង្ករកម្ពុជា បូកសរុបឃើញថា ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជា នាំចេញអង្ករបាន ៥៩៥ ៦៣០ តោន។
ក្នុងចំណោមទីផ្សារគោលដៅចំនួន៦០ ការនាំចេញទៅចិន និងតំបន់រដ្ឋបាលស្វយ័ត មានចំនួន១៩៨ ៧៦១តោន ដែលមានតម្លៃ១២៨លានដុល្លារ, គោលដៅ២៦ប្រទេសក្នុងទ្វីបអឺរ៉ុប សម្រេចបាន ២៤០ ៧៥១តោន ដែលមានតម្លៃជិត១៧២លានដុល្លារ។
៦ប្រទេសនៅតំបន់អាស៊ាន នាំអង្ករពីកម្ពុជានា១១ខែកន្លងមក ដោយមានបរិមាណ៧៦ ៥១៦តោន ស្មើនឹង៥០,៣៦លានដុល្លារអាម៉េរិក។ ក្រៅពីនេះ មានគោលដៅ២៦ប្រទេសផ្សេងទៀត ជាពិសេសនៅអាហ្វ្រិក និងមជ្ឈឹមបូព៌ា ដែលមាននាំចូលអង្ករកម្ពុជាក្នុងបរិមាណ ៧៩ ៦០៤តោន ក្នុងទំហំទឹកប្រាក់៧០,៥៤លានដុល្លារអាម៉េរិក។
របាយការណ៍បង្ហាញថា អង្ករដែលត្រូវបាននាំចេញច្រើនជាងគេ គឺជាប្រភេទអង្ករក្រអូប មានរហូតដល់៨២,២០ភាគរយនៃចំនួនអង្ករនាំចេញសរុប បន្ទាប់មកគឺអង្ករសគ្រាប់វែង (១៣,១៣ភាគរយ), អង្គរចំហ៊ុយ (៣,០៤ភាគរយ), អង្ករសរីរាង្គ (១,៦១ភាគរយ) និងអង្ករសគ្រាប់ខ្ចី (០,០២ភាគរយ)។
ជាមួយគ្នានេះ កម្ពុជាក៏នាំចេញស្រូវទៅប្រទេសជិតខាង បានជាង៣,៩លានតោន ផងដែរ។
បរិមាណនេះ បើគិតជាទឹកប្រាក់ស្មើនឹង ១ ១៥៦លានដុល្លារ ដោយចំនួន៦៤ភាគរយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com