អាចារ្យ ប៊ុត ពិសិដ្ឋ ពន្យល់ពីត្រណមសែនក្បាលទូក មុនទៅប្រណាំង

10/11/2023 3:07 pm កណ្តាល

កណ្តាល៖ ការសែនក្បាលទូក ជាជំនឿដែលចាស់បុរាណ ក៏ដូចជាក្រុមកីឡាករប្រណាំងទូកប្រកាន់ខ្ជាប់ជាយូរណាស់មកហើយ។ មុននឹងចេញទៅប្រកួត អ្នកដឹកនាំទូក និងកីឡាករ ត្រូវរៀបចំសែនក្បាលទូកជាមុន ដើម្បីសុំសេចក្តីសុខ ដល់ចំណុះទូក ជួយឱ្យទូកលឿន និងរម្លឹកគុណដល់អ្នកថែរក្សាទូក។ លោកអាចារ្យ ប៊ុត ពិសិដ្ឋ គណៈកម្មការគ្រប់គ្រងវត្តពិជ័យរង្សី បានពន្យល់ថា មុននឹងចេញទៅប្រណាំងគេត្រូវសែនក្បាលទូកជាមុនសិន។ រីឯក្រុមកីឡាករវិញ ពួកគេ ត្រូវមានកម្លាំង និងតមពាក្យសម្តីជាដើម។


 

ដោយឡែកគ្រឿងប្រដាប់ដែលត្រូវសែន មានដូចជាបាយសី៣ថ្នាក់ ឬប្រាំថ្នាក់, ផ្លែឈើប្រាំពីរមុខ ,ស្លាធម៌ដូង, ដូងឡៅជាដើម។ ចំពោះថ្នាក់ជាតិ គេអាចរៀបចំជាជ្រូកខ្វៃ ក្បាលជ្រូក មាន់ បាយម្ហូប នំចំណី សំពត់ផ្នត់ និងគ្រឿងសក្ការៈបូជាសំខាន់ៗជាច្រើនទៀត។ 

យ៉ាងណាមិញ លោក ប៊ុត ពិសិដ្ឋ បានលើកឡើងថា ជាធម្មតា គេច្រើនសែនមុនការប្រណាំង១សប្តាហ៍ ឬមុនការប្រកួត៣ថ្ងៃ។ ការសែននេះ គឺជូនទៅដល់ទេវប្រាក់ អារក្សអ្នកតា នៃជំនាងទូករស់នៅក្នុងដើមឈើ ដែលត្រូវបានសែនអញ្ជើញពីទីតាំងដើម(ដើមឈើក្នុងព្រៃ) ដើម្បីច្នៃធ្វើជាទូកសម្រាប់អុំប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ។ 

លោក ប៊ុត ពិសិដ្ឋ ពន្យល់ដូច្នេះ៖« មុននឹងយើងអុំ ត្រណមទី១គឺមិនឱ្យកីឡាករលេងធ្វើឱ្យធ្លាក់កម្លាំងនោះទេ។ ទី២ យើងត្រូវបំប៉ន់កម្លាំងឱ្យបានល្អ ពេលចុះប្រណាំងត្រូវតមពាក្យសម្តី មិនអំនួតហួសពេក ហើយក៏ត្រូវតែពង្រឹងស្មារតីរបស់ខ្លួន។ កីឡាករត្រូវមានភាពជឿជាក់ ទើបអាចទទួលយកជ័យជំនះបាន។»

សូមជម្រាបថា វត្តពិជ័យរង្សី ដែលមានទីតាំងស្ថិតនៅភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាទីតាំងរក្សាទូក ង មានល្បឿនលឿន មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជា ឈ្មោះថា«សារាយតេជោសែនជ័យ»។ ទូក ង នេះ ត្រូវបានផលិតឡើងពីដើមឈើគគីរល្មៀត ដែលជាប្រភេទឈើកម្ររ មួយ ហើយដែលមានគុណភាពល្អខ្លាំងក្នុងការធ្វើទូកឱ្យមានភាពជាប់ធន់ និងគុណភាពយូអង្វែង។ ក្រៅពីនេះ ក៏មានទូក ង ជាច្រើនទៀតកំពុងជួសជុលសម្រាប់ត្រៀមប្រណាំង នាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែខាងមុខនេះ៕
 

ព័ត៌មានទាក់ទង