យុទ្ធនាការ ShowMeYourTree បំផុសពលរដ្ឋឱ្យស្រលាញ់ព្រៃឈើ សត្វព្រៃ និងធម្មជាតិ

26/10/2023 11:26 am ភ្នំពេញ

ភ្នំពេញ៖ ShowMeYourTree បានធ្វើយុទ្ធនាការឌីជីថល ជាមួយអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម ដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃជីវចម្រុះ និងការការពារព្រៃឈើ។



យុទ្ធនាការ ShowMeYourTree នឹងបំផុសគំនិតពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីការពារបរិស្ថាន ចែករំលែកចំណេះដឹងអំពីព្រៃឈើ ។ យុទ្ធនាការឌីជីថលនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃជីវចម្រុះ ទិដ្ឋភាពទេសភាពដ៏អស្ចារ្យ និងតួនាទីដ៏សំខាន់របស់អ្នកការពារ រួមទាំងក្រុមជនជាតិដើមភាគតិចក្នុងការការពារព្រៃឈើ។

កញ្ញា ឪក ចិន្តា ជាអ្នកបង្កើតមាតិកាបរិស្ថានដែលជាផ្នែកមួយនៃយុទ្ធនាការ #showmeyourtree តាំងពីឆ្នាំ២០២២ បាននិយាយថា យុទ្ធនាការនេះគឺជាគំនិតផ្តួចផ្តើមដ៏ល្អសម្រាប់អ្នកមានឥទ្ធិពលក្នុងការចែករំលែកការស្រឡាញ់ព្រៃឈើ និងប្រើប្រាស់សំឡេង ដើម្បីនាំមកនូវភាពវិជ្ជមានបន្ថែមទៀតដល់ប្រព័ន្ធផ្សព្វផ្សាយសង្គម ។

អ្នកបង្កើតមាតិការូបនេះ លើកឡើងដូច្នេះ៖ « ខ្ញុំចាំបានថា អ្នកគាំទ្រខ្ញុំម្នាក់បានប្រាប់ខ្ញុំមុនយុទ្ធនាការនេះ នាងគិតតែពីដើមឈើ ពេលនិយាយអំពីធម្មជាតិ និងព្រៃឈើ។ ប៉ុន្តែបន្ទាប់ពីបានចូលរួមក្នុងយុទ្ធនាការនេះ និងបានធ្វើដំណើររួមគ្នាទៅកាន់ខេត្តមណ្ឌលគិរី ទៅលេងភូមិជនជាតិដើមភាគតិច (ភូមិពូតាង) ឥឡូវនេះនាងដឹងថាមានច្រើនជាងដើមឈើនៅក្នុងព្រៃទៅទៀត។

អ្វីគ្រប់យ៉ាងចាប់ពីសត្វល្អិតតូចៗ និងផ្សិត រហូតដល់សត្វព្រៃ និងក្រុមជនជាតិដើមភាគតិច គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីនេះ។ យើងត្រូវចាំថា យើងជាផ្នែកមួយនៃធម្មជាតិ»។ ពលរដ្ឋក៏អាចចូលរួមយុទ្ធនាការនេះ តាមរយៈការចែករំលែកនូវអនុស្សាវរីយ៍ ក៏ដូចជារឿងរ៉ាវខ្លីៗ រូបថត និងវីដេអូខ្លីៗ អមជាមួយពាក្យស្លោក ឬគំនូរ ដែលភ្ជាប់ទៅព្រៃឈើ ដើមឈើ ឬរុក្ខជាតិដែលអ្នកចូលចិត្ត ដោយភ្ជាប់នូវ #ShowMeYourTree ៕

ព័ត៌មានទាក់ទង