រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានពលរដ្ឋប្រមាណ១,៩២លាននាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ចំនួននេះ កើន៥២,២ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងនោះ មានទេសចរអន្តរជាតិជាង ២,៧ ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ចំនួនទេសចរផ្ទៃក្នុងទាំង១,៩២លាននាក់ គឺរដ្ឋបាលរាជធានី-ខេត្តបានរាប់បញ្ចូលនូវចំនួនទេសចរជាតិ និងប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស រួមទាំងពលរដ្ឋធ្វើដំណើរកម្សាន្តនៅតាមភូមិស្រុក និងតាមទីតាំងរៀបចំកម្មវិធីនានាផងដែរ។ ស្ថិតិពីក្រសួងទេសចរណ៍បានបង្ហាញថា ចាប់ពីថ្ងៃទី១៣-១៥តុលា ឆ្នាំ២០២៣ ខេត្តដែលមានអ្នកទេសចរដើរលេងកម្សាន្តជាច្រើនជាងគេ គឺខេត្តត្បូងឃ្មុំមានពលរដ្ឋដើរលេងកម្សាន្តរហូតដល់ ៤៤០ ៣០០នាក់, បាត់ដំបងមាន ២១១ ៣២៩ នាក់, កំពង់ឆ្នាំងមាន ១៦៨ ០៦១នាក់, ព្រះសីហនុមាន ១៥៧ ០៤៦នាក់ ខណៈខេត្តសៀមរាប មានអ្នកទេសចរចំនួន ១២៥ ៤៤៩នាក់។
បើតាមប្រភពខាងលើ គោលដៅទេសចរណ៍សំខាន់ទាំងនេះបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរឲ្យមកកម្សាន្តខេត្តរបស់ខ្លួន។ ក្នុងនោះខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូកបណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួច និងខេត្តកំពង់ឆ្នាំង មានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ។
ក្រសួងទេសចរណ៍បន្តរៀបរាប់ថា៖ «គ្រប់រាជធានី-ខេត្តដទៃ ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា មានការរៀបចំព្រឹត្តិការណ៍នានា ដែលបានទាក់ទាញទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ»។ ជាមួយគ្នានេះសន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព រួមទាំងតម្លៃសេវាទេសចរណ៍នានា មានភាពល្អប្រសើរ ខណៈកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់៕
-
ដោយ៖ អ៊ូ សុខមាន
-
© រក្សាសិទ្ធិដោយ thmeythmey25.com