ឱកាសសម្រាប់យុវជន! ការប្រកួតពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជាស្ដីពី«ទីក្រុងនៃក្តីស្រមៃនាពេលអនាគត»

08/08/2023 12:07 pm ភ្នំពេញ

ភ្នំពេញ៖ សមាគមអ្នកវិនិយោគអ្នកសាងសង់ និងស្ថាបត្យករកម្ពុជា ប្រកាសរៀបចំកម្មវិធីពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងនៃក្តីស្រមៃនាពេលអនាគត»។ កម្មវិធីនេះ មានរយៈពេល៥ខែ ពីខែសីហា-ខែធ្នូ ឆ្នាំ២០២៣ ដោយជ្រើសរើសទីតាំងសង្កាត់ចំនួន៣ ក្នុងក្រុងអរិយក្សត្រ នៃខេត្តកណ្តាល គឺសង្កាត់ស្វាយជ្រុំ សង្កាត់សារិកាកែវ និងសង្កាត់អរិយក្សត្រ ដើម្បីដាក់ជាវិញ្ញាសាសម្រាប់បេក្ខជន។



សមាគមអ្នកវិនិយោគអ្នកសាងសង់ និងស្ថាបត្យករកម្ពុជា នឹងរៀបចំការប្រកួតពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងនៃក្តីស្រមៃនាពេលអនាគត»។ កម្មវិធីនេះ រៀបចំឡើងដើម្បីបង្កើតឱកាសកាន់តែច្រើនសម្រាប់ស្ថាបត្យករវ័យក្មេងកម្ពុជា បង្ហាញសក្តានុពលតាមរយៈកម្មវិធីពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជានៅឆ្នាំ ២០២៣។ 

ជាមួយគ្នានេះ ចូលរួមលើកកម្ពស់ការយល់ដឹងអំពីតួនាទីសំខាន់ៗរបស់ស្ថាបត្យករក្នុងប្រវត្តិសាស្រ្ត និងទំនើបកម្មក្នុងសង្គមកម្ពុជា។ លើសពីនេះ ពង្រឹងភាពជាដៃគូសាធារណៈ និងឯកជន ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងវិស័យស្ថាបត្យកម្ម នគរូបនីយកម្ម និងឧស្សាហកម្មសំណង់នៅកម្ពុជា។

លោក សេង ប៊ុនវីរៈ ប្រធានសមាគម បានលើកទឹកចិត្តដល់និស្សិតផ្នែកស្ថាបត្យកម្មដែលចូលរួមការប្រកួតឱ្យប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការបញ្ចេញស្នាដៃ និងគំនិតច្នៃប្រឌិត។ លោក ក៏ជំរុញឱ្យនិស្សិតដែលមានក្នុងការប្រកួតនេះ យកចិត្តទុកក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីគ្រូឧទ្ទេស។

លោក លាង វាសនា នាយកដឹកនាំកម្មវិធី បញ្ជាក់ថា កម្មវិធីនេះមានរយៈពេល ៥ខែ ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២៣។ បើតាមលោក វាសនា សង្កាត់ចំនួន៣ ក្នុងក្រុងអរិយក្សត្រ គឺសង្កាត់ស្វាយជ្រុំ សង្កាត់សារិកាកែវ និងសង្កាត់អរិយក្សត្រ ត្រូវបានជ្រើសរើសដើម្បីដាក់ជាវិញ្ញាសាសម្រាប់បេក្ខជនជានិស្សិតផ្នែកស្ថាបត្យកម្ម។

សូមបញ្ជាក់ថា កម្មវិធីប្រកួតនេះ មានបេក្ខជនចូលរួមចំនួន២០ក្រុម ដោយមានការប្រឡងជំរុះចំនួន ៣វគ្គ និងមានគណៈកម្មការដាក់ពិន្ទុ ចំនួន៥រូប មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១រូប គណៈស្ថាបត្យករកម្ពុជា ១រូប ក្រុមហ៊ុនវិនិយោគ ១រូប ក្រុមហ៊ុនជំនាញខាងស្ថាបត្យកម្ម១រូប និងសមាគម ស.វ.ស.ស. ក ១រូប៕ 

ព័ត៌មានទាក់ទង