
ភ្នំពេញ៖ លោក សៀង មករា គឺជាអ្នកដើរព្រៃបោះតង់ ជាង២០ឆ្នាំ។ ក្នុងចំណោមតំបន់ផ្សងព្រេងជាច្រើន ខេត្តកោះកុង បានឆក់យកបេះដូងលោកជាងគេ ដែលធ្វើឱ្យលោក ច្នៃតំបន់មួយក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ទៅជាទីកម្សាន្តសម្រាប់ទេសចរ និងបានដាក់ឈ្មោះថាតំបន់លំហែ«ភូមិទឹកស្រែ»។
ធ្វើដំណើរត្រឹមរយៈពេល ២ម៉ោងប៉ុណ្ណោះ តាមផ្លូវល្បឿនលឿន និងធ្វើដំណើរប្រមាណ ៦គីឡូម៉ែត្រតាមផ្លូវលេខ៤៨ ពីស្ពានស្រែអំបិល នោះលោកអ្នកនឹងឃើញ «ភូមិទឹកស្រែ»។ កន្លែងទេសចរណ៍នេះ មានទីតាំងស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលកៀកនឹងព្រំប្រទល់ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។
តើហេតុអ្វីបានជា លោក សៀង មករា ជ្រើសយកតំបន់នេះ ដើម្បីជំរុញសក្តានុពលក្នុងវិស័យទេសចរណ៍?
មានស្រុកកំណើតនៅរាជធានីភ្នំពេញ លោក មករា បានបើកហាងលក់កង់មួយកន្លែងនៅក្នុងខេត្តសៀមរាប។ របរលក់កង់ជាផ្នែកមួយនៃជីវភាពគ្រួសារ ប៉ុន្តែបុរសរូបនេះ មានចំណូលចិត្តបែបជីវិតបែបផ្សងព្រេងតាមព្រៃភ្នំ។ បុរសវ័យ៣៩ឆ្នាំរូបនេះ ស្គាល់ការដើរព្រៃបោះតង់លើកទីមួយ នៅឆ្នាំ១៩៩៨ មួយទេសចរបរទេសមួយក្រុម នៅតំបន់ភ្នំបូកគោ។ អំឡុងពេលនោះហើយដែល លោក មករា ចាប់ផ្តើមស្វែងយល់ពីការដើរព្រៃបោះតង់ តាមតំបន់ព្រៃភ្នំនានា។ រំលឹកពីអតីតក្នុងឆ្នាំ២០០២ លោក មករា បានជ្រើសយកឧទ្យានជាតិគិរីរម្យ ជាតំបន់ដែលលោកចូលចិត្តទៅបោះតង់ជាងគេ ប៉ុន្តែកាលពី២០ឆ្នាំមុននោះ គឺមិនសូវមានទេសចរទៅកម្សាន្តច្រើនឡើង។
អ្នកមានពិសោធបោះតង់ ២៥ឆ្នាំរូបនេះ បានរៀបរាប់ថា៖« តំបន់គ្រោះថ្នាក់ដែលខ្ញុំធ្លាប់ទៅគឺមានច្រើន ប៉ុន្តែវាក៏អាស្រ័យលើស្ថានភាពតំបន់ ពេលវេលា។ ពាក់ព័ន្ធជាមួយតំបន់ព្រៃភ្នំ សុទ្ធតែគ្រោះថ្នាក់ទាំងអស់ ប៉ុន្តែសំខាន់ត្រូវបែងចែកថា តំបន់ណាដែលមានឱកាសសង្គ្រោះបានច្រើន ឯតំបន់ខ្លះវាអត់សូវមានឱកាសសម្រាប់ការសង្គ្រោះ។»
ជីវិតផ្សារភ្ជាប់នឹងធម្មជាតិ។ លោក មករា បានផ្អាកពីការងារលក់កង់ និងចំណាយពេលច្រើនជាមួយធម្មជាតិ ដោយមានអាជីពមួយទៀត គឺជាអ្នកនាំផ្លូវដើរព្រៃបោះតង់។ លោក ទទួលបានប្រាក់កម្រៃពីការជាវសេវាកម្មនាំផ្លូវពីភ្ញៀវរបស់លោក។ ក្នុងនោះខេត្តកោះកុង ជាគោលដៅដែលលោក ឧស្សាហ៍ទៅផ្សងព្រេងច្រើនជាងគេ។ រយៈពេលជាង៧ឆ្នាំ នៅខេត្តកោះកុង លោកបានមើលឃើញទីតាំងភូមិសំខាន់ៗជាច្រើន ដែលសម្បូរទៅដោយតំបន់ធម្មជាតិចម្រុះ។
ក្នុងឆ្នាំ២០១៦ លោក សៀង មករា បានចាប់អារម្មណ៍ទីតាំងមួយ ដោយឃើញមានទេសចរជាច្រើន បានមកបោះតង់ នៅមិនឆ្ងាយពីភូមិព្រះអង្គកែវគឺ ទឹកជ្រោះពង្រូល។ ក្រោយមក លោក មករា ក៏បានស្វែងយល់ពីទីតាំងភូមិសាស្រ្ត បូករួមទាំងទេសចរ និយមដើរកម្សាន្ត ដូចជាការបោះតង់ជាដើម។
តំបន់លំហែឈ្មោះ«ភូមិទឹកស្រែ» បានលេចឡើងនាពាក់កណ្តាលឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ លោក មករា បានបង្កើតតំបន់ទេសចរណ៍ ដែលរុំព័ទ្ធទៅដោយភ្នំ និងតំបន់ធម្មជាតិជាច្រើនដូចជា ដងព្រែក ទឹកជ្រោះ តំបន់ផ្សងព្រេង ដែលនៅមិនឆ្ងាយពី តំបន់ជួរភ្នំក្រវាញ។ បើទោះ ភូមិទឹកស្រែ មានភ្នំនៅក្បែរកាយ ប៉ុន្តែសមុទ្រក៏នៅមិនឆ្ងាយពីតំបន់នេះឡើយ។
ការចាប់ផ្តើម រៀងពិបាកបន្តិចមែន ដោយសារត្រូវចំណាយថវិកាខ្លួនឯងច្រើន លើទីតាំង ការរៀបចំ សម្ភារៈ និងផ្សព្វផ្សាយពីតំបន់ភូមិទឹកស្រែនេះ។ បច្ចុប្បន្ន ទេសចរមួយចំនួន ចាប់ផ្តើមទៅកម្សាន្ត ប៉ុន្តែដោយសារតំបន់នេះ មិនទាន់អាចផ្តល់ភាពងាយស្រួល ដែលអាចទាក់ទាញទេសចរមកច្រើននោះទេ។
អ្វីដែលជាភាពលំបាក ដែលទេសចរពិបាកទៅដល់នោះគឺ បញ្ហាផ្លូវរៀងតូច ឯភ្លើងអគ្គសនី ក៏មិនទាន់មាន។ ហេតុនេះហើយ ទើបតម្រូវឱ្យ លោក ចំណាយធនធានផ្ទាល់ខ្លួនច្រើន ដើម្បីអភិវឌ្ឍទីតាំងនេះ។
តំបន់លំហែភូមិទឹកស្រែ ជាទីតាំងលំហែកាយបែបស្ងប់ស្ងាត់ក្បែរជើងភ្នំ។ ផ្ទះស្នាក់បែបតង់ប្រមាណ ២០តង់ ដោយទេសចរ ត្រូវចំណាយខ្ទង់ ៥០ដុល្លារ ដើម្បីអាចស្នាក់នៅបែបបោះតង់ ញាំអាហារ ឡើងភ្នំបន្ទៀតមើលស្ទឹងពពក ជាដើម។ ទេសចរ ដែលមកដល់ទីនេះ ភាគច្រើនមកតាមរយៈការទិញកញ្ចប់ស្នាក់លំហែកាយ និងក្រុមបោះតង់សកម្ម។ ទេសចរច្រើនទៅកម្សាន្តនៅភូមិទឹកស្រែ ច្រើននៅថ្ងៃចុងសប្តាហ៍។
«ទីនេះ គឺជាច្រកផ្លូវដ៏សំខាន់មួយ ទៅតំបន់ធម្មជាតិធំៗនៅក្នុងស្រុកស្រែអំបិលហ្នឹង។ វាបានផ្សារភ្ជាប់រវាងតំបន់ទេសចរណ៍ច្រើន ទាំងសមុទ្រ ព្រៃភ្នំ រួមទាំងកសិផលច្រើនយ៉ាងផងដែរ។» លោក សៀង មករា ម្ចាស់ភូមិទឹកស្រែ បានបញ្ជាក់បែបនេះ។
គិតមកដល់ពេលនេះ តំបន់ភូមិទឹកស្រែ ហាក់ផ្លាស់ប្តូរមួយកម្រិត ឯជីវភាពរបស់ពលរដ្ឋមួយចំនួនតូច ក៏មានជីវភាពប្រសើរជាងមុន។ ធ្លាប់ជាអ្នកដើរកាប់ព្រៃ ប្តូរមកជាអ្នកនាំផ្លូវ ជាស្ត្រីមេផ្ទះក្លាយជាអ្នកចម្អិនអាហារឱ្យទេសចរ ជាអ្នកនេសាទតាមទូក ក៏ក្លាយជាអ្នកដឹកភ្ញៀវតាមដងព្រែក ជាដើម។ ពលរដ្ឋផ្សេងទៀត គឺជាអ្នកទទួលបដិសណ្ឋារកិច្ចដ៏ចំណាន ធ្វើឱ្យសហគមន៍មួយនេះ អាចរកចំណូលបានតាមរយៈការមកដល់នៃទេសចរផងដែរ។ បច្ចុប្បន្ននេះ លោក សៀង មករា កំពុងអភិវឌ្ឍជាសន្សឹមៗ និងគិតគូរពីធម្មជាតិជាចាំបាច់ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន៕
-
ដោយ៖ ហេង ស្រីលីន
-
© រក្សាសិទ្ធិដោយ thmeythmey25.com

