
ចាប់ពីខែមករាដល់ខែមិថុនា កម្ពុជាទទួលបានចំណូលជិត១៨៨លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦កក្កដា ឆ្នាំ២០២៣។
របាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងឆមាសទី១ឆ្នាំនេះ ជ័រកៅស៊ូមានតម្លៃ១ ៣៤៤ដុល្លារក្នុងមួយតោន ធ្លាក់ចុះ២៥២ដុល្លារក្នុងមួយតោនបើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ គឺមានតម្លៃ៣០៦ដុល្លារក្នុងមួយម៉ែត្រគីប។
គូសបញ្ជាក់ថា កាលឆ្នាំ២០២២កម្ពុជារកចំណូលបានជាង៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូមាន៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូមាន ៤ ០៨៩ដុល្លារ។
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូសរុប៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រ មាន៣១៥ ៣៣២ហិកតា ស្មើនឹង៧៨ភាគរយ ខណៈផ្ទៃដីថែទាំមានចំនួន ៨៩២៤៦ហិកតា ស្មើនឹង២២ភាគរយ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

