ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសហការជាមួយសមាគមន៍ទីភ្នាក់ងារអាស៊ីប៉ាស៊ីហ្វិក នឹងរៀបចំវគ្គបណ្តុះបណ្តាលអ្នកជំនាញបន្ថែម នៅខេត្តសៀមរាប ដើម្បីត្រៀមទទួលទេសចរ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។
បើតាមក្រសួងទេសចរណ៍ វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៣ សិក្សាដោយផ្ទាល់ នៅខេត្តសៀមរាប។ សិក្ខាកាមដែលបានសិក្សាក្នុងការវាយតម្លៃបញ្ចប់វគ្គសិក្សា នឹងទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍ និងអាចក្លាយជាគ្រូបង្គោលរបស់កម្មវិធីភាពធន់នៃគោលដៅទេសចរណ៍ផងដែរ។
ជាមួយគ្នានេះ បេក្ខជនទាំងអស់ដែលអាចចូលរៀនវគ្គបណ្តុះបណ្តាលនេះ ត្រូវមានបទពិសោធន៍ទាក់ទង់នឹងការអភិវឌ្ឍវិស័យទេសចរណ៍ ចេះភាសាអង់គ្លេស ឬជាគ្រូបង្គោលផ្នែកទេសចរណ៍ និងជាម្ចាស់អាជីវកម្មធុនតូចក្នុងវិស័យទេសចរណ៍។
សូមជម្រាបថា ចំពោះបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណៈជនទាំងអស់ មានបំណងរៀនវគ្គបណ្តុះបណ្តាលនេះ អាចដាក់ពាក្យតាមលេខទូរសព្ទ ០៩៦ ២១៨ ៥៤០០។ ក្រសួងទេសចរណ៍ នឹងឈប់ទទួលពាក្យនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ៕
-
ដោយ៖ សែម ប្រាក់ដាវ
-
© រក្សាសិទ្ធិដោយ thmeythmey25.com