ភ្ញៀវទេសចរជាង២៦ម៉ឺននាក់ បានដើរលេងទូទាំងប្រទេស នៅសប្ដាហ៍ទី៣ ខែកក្កដា

26/07/2023 3:38 pm ភ្នំពេញ

ភ្នំពេញ៖ សប្ដាហ៍ទី ៣ នៃខែកក្កដា មានភ្ញៀវទេសចរជាង ២៦ម៉ឺននាក់ បានចេញដើរកម្សាន្តតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស។ តួរលេខនេះ ថយចុះប្រមាណ ៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាសប្ដាហ៍ទី២ មានភ្ញៀវជាង២៩ម៉ឺននាក់។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទេសចរចេញដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ទូទាំងប្រទេស មានចំនួន ២៦៩ ៣៥៦នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ២២៩ ៥១៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ៣៩ ៨៣៧នាក់។ ដោយឡែក ខេត្តបាត់ដំបង មានទេសចរទៅកម្សាន្តច្រើន​ជាងគេ ចំនួន ៣៧ ៤១០នាក់ និងខេត្តព្រះសីហនុ ឈរលេខរៀងទី២ មានទេសចរចំនួន ៣៥ ៨៤៩នាក់។ 

ជាមួយគ្នានេះ លំដាប់ទី៣គឺ រាជធានីភ្នំពេញ មានទេសចរទៅកម្សាន្តចំនួន ៣៣ ៤៣៧នាក់។ សម្រាប់ខេត្តកំពត មានទេសចរចំនួន ៣១ ០៤៥នាក់, ខេត្តសៀមរាប មានចំនួន ២០ ៣៥០នាក់, ខេត្តកំពង់ស្ពឺ មានចំនួន ១៦ ០២៥នាក់ និងខេត្តពោធិ៍សាត់ មានចំនួន ១៣ ៩០៩នាក់។ 

ស្ថិតិភ្ញៀវទេសចរនៃសប្តាហ៍ទី៣នេះ ថយចុះ៩ភាគរយ ដោយសារពលរដ្ឋទូទាំងប្រទេស បានធ្វើដំណើរទៅស្រុកកំណើតដើម្បីចូលរួមការបោះឆ្នោត កាលពីថ្ងៃទី២៣កក្កដា។ ទន្ទឹមនឹងនោះ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានរថយន្តចំនួន២០ ៤៩៤គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន។ ក្រៅពីនេះ ពលរដ្ឋនៅភ្នំពេញមួយចំនួន បានធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានា ពិសេសទៅកាន់ខេត្តព្រះសីហនុតាមផ្លូវល្បឿនលឿនតែម្ដង៕



 

ព័ត៌មានទាក់ទង