
រយៈពេលឈប់សម្រាកចំនួន ៣ថ្ងៃ ទេសចរបាននាំគ្នាទៅកម្សាន្តនៅតាមតំបន់កម្សាន្តនានាក្នុងខេត្តកំពត។ តំបន់ទេសចរណ៍ ពេញនិយមជាងគេគឺ ទឹកឈូ រមណីយដ្ឋានភ្នំបូកគោ ភ្នំឈ្ងោក ដូងទេរ ព្រែកត្នោត ទំបន់ម្លិច ទឹកធ្លាក់តាដា និងតំបន់កសិទេសចរណ៍មួយចំនួនទៀត។
បើតាមលោក សយ ស៊ីណុល មន្រ្តីទេសចរណ៍ខេត្តកំពត ទេសចរដែលបានមកកម្សាន្តនេះមានជាង ៣ម៉ឺននាក់ ក្នុងនោះភ្ញៀវវបរទេសមានជាង ១ពាន់នាក់។ នាថ្ងៃឈប់សម្រាកចំនួន ៣ថ្ងៃនេះ ផ្ទះស្នាក់ និងសណ្ឋាគារក្នុងក្រុងកំពត មានភ្ញៀវទៅសម្រាកជាច្រើន។ បឹងកាឡូ គឺមានចំនួនទេសចរទៅច្រើនជាងគេ។
នាថ្ងៃអាទិត្យ ក្រោយពលរដ្ឋបោះឆ្នោតរួចរាល់ កំណើនអ្នកធ្វើដំណើរ ទៅកាន់ខេត្តកំពត មានចំនួនច្រើន ។ ចំណែកថ្ងៃចន្ទ ដែលជាថ្ងៃទី៣ នៃការឈប់សម្រាក គឺមកបន្តមិនដាច់។ ភ្ញៀវទេសចរប្រមាណជាង ៣ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសដែលមកកម្សាន្តនាថ្ងៃចុងសប្តាហ៍ មានជាង ១ពាន់នាក់ផងដែរ។
«ខ្ញុំគិតថា រយៈពេល៣ថ្ងៃនេះ រៀងយូរគួរសម។ បងប្អូនខ្លះ បានឆ្លៀតមកកំពត ក្រោយបោះឆ្នោតរួចរាល់។ ណាមួយពីភ្នំពេញ មកកំពតក៏ធ្វើដំណើរលឿន ទេសចរចំណាយពេលជាង ២ម៉ោងប៉ុណ្ណោះ នឹងមកដល់ខេត្តនេះ។ ចំណែកភ្ញៀវខ្លះ មកកម្សាន្តវិលល្ងាចក៏មាន។» លោក សយ ស៊ីណុល ប្រាប់ថ្មីៗដូច្នេះ។
បន្ទាប់ពីមកដល់ខេត្តកំពត ទេសចរ អាចជិះទូក ឬកៃយ៉ាកតាមព្រែក។ ភ្ញៀវទេសចរ អាចធ្វើដំណើរទៅកម្សាន្តនៅចម្ការម្រេច ដែលជាតំបន់កសិទេសចរណ៍ និងអាចភ្លក់ផែ្លឈើប្រចាំតំបន់ដូចជា ទុរេន មង្ឃុត និងប្រភេទអាហារសមុទ្រជាច្រើនផងដែរ។
បច្ចុប្បន្ននេះ ផ្ទះស្នាក់ប្រភេទបឹងកាឡូ គឺមានច្រើនបែបធម្មជាតិ ជាទីពេញនិយម និយាយជារួម ខេត្តកំពត ជាកន្លែងប្រមូលផ្តុំនូវ រីសត បឹងកាឡូ ទីតាំងបោះតង់ ជាសម្រើសយ៉ាងសម្បូរបែបសម្រាប់ទេសចរ។
លោក សយ ស៊ីណុល បន្តថា បើទោះទេសចរមានចំនួនច្រើន តែសេវាកម្ម និងសណ្តាប់ធ្នាប់ គឺមានភាពល្អប្រសើរ ដោយមានការសហការពីរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងចរន្តភ្ញៀវ។
សូមបញ្ជាក់ថា កាលទីសប្តាហ៍ទី១ ខែកក្កដា ខេត្តកំពត ទទួកបានទេសចរចំនួនជិត ៣ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន ១ ៦៨១នាក់។ ចំណែក សប្តាហ៍ទី២ គឺមានទេសចរចំនួនជាង ២ម៉ឺននាក់។ ភ្ញៀវបរទេសមានចំនួន ១ ៤៨៤នាក់ផងដែរ៕
-
ដោយ៖ ហេង ស្រីលីន
-
© រក្សាសិទ្ធិដោយ thmeythmey25.com

