លោក សម្យ កំសាន្ត៖ គុណភាពសាលាជំនាន់ថ្មីមិនអាចនៅដដែលទេ ត្រូវកើនជានិច្ច!

ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ការអប់រំនៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ តែងមានការផ្លាស់ប្ដូរ តាមរយៈការពង្រឹងគុណភាពសិក្សា, ការផ្លាស់ប្ដូរបទពិសោធនៅក្រៅប្រទេស និងការច្នៃបង្កើតថ្មីជាដើម។ លោក សម្យ កំសាន្ត អះអាងថា គុណភាពសាលាជំនាន់ថ្មីមិនអាចនៅដដែលទេ ត្រូវកើនជានិច្ច។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ជាមួយលោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី ដូចតទៅ៖
«ជាមោទនភាពដែរ ដែលពួកយើងនៅជំនាន់ថ្មីនេះ។ យើងធ្វើកំណែទម្រង់ដោយតាំងចិត្តថា សហការ ឬក៏គាំទ្រកម្មវិធីកំណែទម្រង់របស់ក្រសួងអប់រំ។ យើងពិតជាមានមោទនភាព ដែលយើងប្រឹងប្រែង ហើយបានលទ្ធផលជាទីគាប់ចិត្ត ទាំងគុណភាពនៃការអប់រំ ទាំងសមិទ្ធផលទៅដល់មហាជនដែលគេស្គាល់សាលារៀនជំនាន់ថ្មី»។ នេះជាការលើកឡើងរបស់លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី។
ការអប់រំនៅសាលារៀនជំនាន់ថ្មី ជាសមិទ្ធផលមួយ នៃការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ។ លើសពីនេះ ការសិក្សានៅសាលារៀនជំនាន់ថ្មី មិនមែនរៀនតាមសៀវភៅក្រសួងអប់រំ និងសម្រាប់តែត្រៀមប្រឡងទេ។ នៅទីនេះ សិស្សត្រូវរៀនមួយថ្ងៃពេញ ចាប់ពីម៉ោង ៧និង២០នាទីព្រឹក រហូតដល់ម៉ោង៤រសៀល។
ទន្ទឹមនឹងនេះ សាលាជំនាន់ថ្មី ត្រូវការចាំបាច់នូវការពង្រឹងគុណភាពអប់រំរបស់ខ្លួនជាប្រចាំ ដើម្បីអាចចូលរួមប្រកួតប្រជែងជាមួយបណ្ដាប្រទេសដទៃ។ លោក សម្យ កំសាន្ត បានឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំការអប់រំនៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ តែងមានការផ្លាស់ប្ដូរ។ លោក បញ្ជាក់ថា៖ «យើងព្យាយាមមិនឱ្យគុណភាពនៅដដែលទេ វាត្រូវតែកើនឡើង។ នៅគ្រប់ការប្រជុំ យើងតែងនិយាយថា របារស្ដង់ដារគុណភាពរបស់សាលាយើងមិនអាចនៅដដែលទេ យើងត្រូវរំកិលបន្តិចម្ដងៗ»។
ដោយឡែកបន្ទប់រៀននៅសាលាជំនាន់ថ្មី មិនបានបែងចែកជាថ្នាក់ ក,ខ ឬA, B នោះទេ តែបានរៀបចំជាថ្នាក់គណិតវិទ្យា, គីមីវិទ្យា និងជីវវិទ្យាជាដើម។ ការរៀបចំបែបនេះ លោក សម្យ កំសាន្ត ពន្យល់បែបនេះ៖ «នេះជាលក្ខណៈពិសេសមួយខុសពីសាលាដទៃ។ នៅសាលាដទៃ គេមានថ្នាក់ A,B,C តែនៅនេះអត់មានទេ មានតែថ្នាក់គីមី មុខវិជ្ជាគណិត និងមុខវិជ្ជារូប។ មុខវិជ្ជាទាំងអស់សុទ្ធតែមានថ្នាក់ គឺកូនសិស្សដល់ម៉ោងរៀនអ្វី ត្រូវចូលថ្នាក់នោះទេ»។
រូបភាពពីសាលារៀនជំនាន់ថ្មី.
បើតាមនាយករងទទួលបន្ទុកសាលារៀនជំនាន់ថ្មីរូបនេះ ការបែងចែកបែបនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សព្រោះនៅតាមបន្ទប់មុខវិជ្ជានីមួយ ត្រូវបានបំពាក់សម្ភារបច្ចេកទេសខុសៗគ្នា។ ជាមួយគ្នានេះ ការសិក្សានៅទីនេះ តែងមានការផ្លាស់ប្ដូរ តាមរយៈការបញ្ជ្រាបនូវបច្ចេកវិទ្យា, ការផ្លាស់ប្ដូរនូវវិធីសាស្រ្តបង្រៀន និងការទទួលទានអាហាររបស់សិស្សជាដើម។
នាពេលថ្មីៗនេះ សាលារៀនជំនាន់ថ្មី បានប្រមូលថវិកាពីឪពុកម្ដាយ អាណាព្យាបាល និងសប្បុរសជន ដើម្បីសាងសង់អាគារមួយ ដែលមានសាលលក់អាហារដ៏អនាម័យនៅខាងក្រោម។ លោក សម្យ កំសាន្ត អះអាងដូច្នេះ៖ «សូម្បីតែរបៀបហូបអាហារក៏យើងគិតគូរដែរ ពីមុនមិនដែលខ្វល់នោះទេ តែឥឡូវយើងចាប់ផ្ដើមគិត។ ពីមុនយើងមិនមានកន្លែងលក់អាហារ អ្នកលក់លក់ប៉ាតណាប៉ាតណី។ អត់មានអនាម័យ អត់ស្ដង់ដារជាដើម»។
រូបភាពពីសាលារៀនជំនាន់ថ្មី
សូមបញ្ជាក់ថា សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ជាសមិទ្ធផលមួយ នៃការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ដែលបានសម្ភោធដាក់ឱ្យដំណើរការកាលពីខែមិថុនា ឆ្នាំ២០១៦។ សាលារៀនជំនាន់ថ្មី បានអនុវត្តកម្មវិធីសិក្សាថ្មីពេញលេញដំបូងគេនៅសាលារដ្ឋ គឺSTEM-Ed ដែលទាក់ទាញសិស្សពូកែៗចូលរៀន ដោយប្រែក្លាយសិស្សមិនចូលចិត្តរៀនវិទ្យាសាស្ត្រឱ្យចាប់អារម្មណ៍ និងរៀនពូកែ៕
-
ដោយ៖ ញឹក ស្រីល័ក្ខ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

