
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ កម្ពុជា បន្តធ្លាក់ភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់មួយសប្ដាហ៍ទៀត ដោយសារឥទ្ធិពលព្យុះទី៥ ឈ្មោះ «ដុកស៊ូរី» ដែលកំពុងតែធ្វើដំណើរឆ្ពោះទៅប្រទេសចិនក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់។ នេះបើសេចក្ដីជូនដំណឹងរបស់ក្រសួងធនធាតុទឹក និងឧតុនិម នៅថ្ងៃទី២៥ ខែកក្កដា។
ក្រសួងធនធានទឹកបានព្យាការថា ចាប់ពីថ្ងៃទី២៦កក្កដា ដល់១សីហា កម្ពុជាបានទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើកាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។
ចំណែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតប្រទេសហ្វីលីពីនឯណោះវិញ មានព្យុះទី៥ ឈ្មោះ «ដុកស៊ូរី» បានបង្កើនកម្លាំងទៅជា (TY DOKSURI) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិនក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់។ ព្យុះនេះនឹងអាចទៅដល់ប្រទេសចិននៅអំឡុងថ្ងៃទី២៨ ខែកក្កដា ។
លក្ខណៈបែបនេះនឹងធ្វើឱ្យ តំបន់ទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ។ លើកលែងតែបណ្តាខេត្តនៅពាយ័ព្យអាចមានភ្លៀង ជាបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ តំបន់ខ្ពង់រាបវិញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្ហូរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែក តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់ ។ ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់សារធារណៈជនឱ្យ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

