
រថយន្តរបស់អ្នកធ្វើដំណើរនៅលើផ្លូវល្បឿនលឿន ឆ្ពោះមកខេត្តព្រះសីហនុ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ ខេត្តព្រះសីហនុ ទទួលបានទេសចរ ជាង៤ម៉ឺននាក់ នៅថ្ងៃបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដែលបន្ថែមថា ក្នុងចំណោមនោះ ទេសចរជាតិ ច្រើនជាងទេសចរអន្តរជាតិ។
លោក ឡុង ឌីម៉ង់ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ក្រោយបោះឆ្នោតរួច នៅពេលព្រឹកកាលពីម្សិលមិញ ពលរដ្ឋបានសម្រុកទៅខេត្តព្រះសីហនុតាមផ្លូវល្បឿនលឿន ដើម្បីកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្ត ។ រីឯ សណ្ឋាគារ ក៏ពេញស្ទើរតែអស់។
លោក ឡុង ឌីម៉ង់បានបញ្ជាក់ដូច្នេះ៖ «កាលពីម្សិលមិញ ពេលបោះឆ្នោតរួច គឺចំនួនទេសចរដែលមកលេងក្រោយការបោះឆ្នោតគឺមានប្រមាណចន្លោះពី ៣ម៉ឺនទៅ៤ម៉ឺននាក់។ ឯភ្ញៀវដែលមកភ្លាមៗ សុទ្ធតែភ្ញៀវខ្មែរ ដែលពួកគាត់បោះឆ្នោតហើយ ពួកគាត់អញ្ជើញមក»។
ទោះបីកាលពីម្សិលមិញ ខេត្តព្រះសីហនុ មានភ្លៀងធ្លាក់បន្តិចបន្តួចក្ដី តែទេសចរនៅតែមកលេងតាមតំបន់កម្សាន្តនានាក្នុងខេត្តជាហូរហែ។ នេះបើតាមលោក ឡុង ឌីម៉ង់ ដែលអះអាងថា ទោះចំនួនទេសចរច្រើន និងមិនសូវមានអ្នកសម្អាតច្រើនដូចថ្ងៃធម្មតាក្ដី ប៉ុន្តែគ្មានបញ្ហារឿងសំរាមឡើយ ដោយសារពលរដ្ឋមានការយល់ដឹង និងទុកដាក់សំរាមដោយខ្លួនឯងបានល្អ៕
-
ដោយ៖ ហេង ស្រីលីន
-
© រក្សាសិទ្ធិដោយ thmeythmey25.com

