ក្រសួងកសិកម្ម៖ ស្រូវឡើងថ្លៃ​ ជី-ថ្នាំកសិកម្មចុះថោក

រូបភាពពីក្រសួងកសិកម្ម

22/07/2023 3:20 pm ភ្នំពេញ

ភ្នំពេញ៖ ក្រសួងកសិកម្ម បានប្រកាសថា ក្នុងឆ្នាំនេះ តម្លៃស្រូវនៅទីវាល ២ប្រភេទ បានឡើងថ្លៃខ្ពស់ រហូតដល់ជាង១០០០រៀលក្នុងមួយគីឡូក្រាម។ ជាមួយគ្នានេះ  ជី និងថ្នាំកសិកម្ម ក៏ចុះថ្លៃ ធ្វើឱ្យកសិករ កាន់តែចំណាយតិចលើថ្លៃជី និងថ្នាំ។

តាមសេចក្ដីប្រកាសរបស់ក្រសួងកសិកម្មនៅថ្ងៃទី ២១ ខែកក្កដានេះ តម្លៃស្រូវនៅទីវាល ពិសេស ប្រភេទពូជស្រូវប្រាំង IR និង OM មានតម្លៃខ្ពស់មិនធ្លាប់មាន នៅឆ្នាំ២០២៣ និងរយៈពេល៣ឆ្នាំចុងក្រោយនេះ។  ក្នុងនោះ ស្រូវប្រភេទ IR មានតម្លៃ ១ ​០៤៧ រៀលក្នុងមួយគីឡូក្រាម  ស្រូវប្រភេទ OM មានតម្លៃ ១ ០២៩ រៀលក្នុងមួយគីឡាក្រាម។ ចំណែក ពូជស្រូវសែនក្រអូបវិញ ក៏មានតម្លៃខ្ពស់  ពី ១០០០-១២៦០ រៀលក្នុងមួយគីឡូក្រាម។


 


ដោយឡែក តម្លៃជីកសិកម្ម ធ្លាក់ចុះជាបន្តបន្ទាប់ ចាប់ពីខែមករា ឆ្នាំ២០២៣មក។  ក្នុងនោះ ជីអ៊ុយរ៉េ ធ្លាក់ថ្លៃពី ៣៥ ដុល្លារ មកត្រឹម ២៣,៥ដុល្លារក្នុងមួយបាវ , ជីដេអាប៉េ (DAP:១៨-៤៦-0) ធ្លាក់ចុះ ពី៤២ ដុល្លារ មកត្រឹម  ៣៦ ដុល្លារក្នុងមួយបាវ។


 

រីឯ តម្លៃថ្នាំកសិកម្មមួយចំនួន ក៏ចុះថ្លៃដែរ ដូចជា ថ្នាំកម្ចាត់ស្មៅ Atrazine ថយចុះ ៣៥ភាគរយ ថ្នាំកម្ចាត់ស្មៅ Glyphosate ថយចុះ កម្រិត ២១ ទៅ ២៣ភាគរយ ។ ថ្នាំកម្ចាត់ជំងឺ Mancozeb ថយចុះ ១៤ភាគរយ , ថ្នាំសម្លាប់សត្វល្អិត Acephate  ថយចុះ ៦ភាគរយ។

បើតាមក្រសួងកសិកម្ម លទ្ធផលល្អនេះបានមកពីការខំប្រឹងរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ និងការទម្លាក់ថវិកា របស់រដ្ឋាភិបាលទាន់ពេល សម្រាប់អន្តរាគមន៍ ទប់ទល់នឹកការធ្លាក់ចុះតម្លៃស្រូវក្នុងរដូវប្រមូលផល។ ជាពិសេសការសម្រួលការនាំចេញស្រូវ-អង្ករ និងការបើកឱកាសប្រកួតប្រជែងលើទីផ្សារជី​និងថ្នាំកសិកម្មដែលមានគុណភាព៕

ព័ត៌មានទាក់ទង